[ទីផ្សារបរទេស] Volkswagen Group បានប្រកាសចេញគ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មី MEB+ ដែលអាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងមុន និងអាចសាកភ្លើងបានលឿនជាងមុនថែមទៀតផង។
គ្រោងឆ្អឹងថ្មីនេះផ្ដល់សេរីភាពដល់ VW ក្នុងការឌីហ្សាញរថយន្ត ដោយតាមរយៈការដាក់អាគុយនៅខាងក្រោមតួខ្លួនរថយន្តអាចផ្ដល់ទំហំបន្ថែមទៀតទៅដល់កាប៊ីនរថយន្ត។ បើតាម VW បានឲ្យដឹងថាគ្រោងឆ្អឹង MEB+ អាចផ្ដល់ចម្ងាយបើកបរបានដល់ ៧០០គ.ម និងមានសមត្ថភាពសាកភ្លើងកម្លាំង ១៧៥ ទៅ ២០០គីឡូវ៉ាត់។
គ្រោងឆ្អឹងថ្មីនេះគឺជាការដុសខាត់ចេញពីគ្រោងឆ្អឹង MEB ដែលបានប្រកាសចេញដំបូងកាលពីឆ្នាំ២០១៩ ជាមួយរថយន្ត ID.3 ហើយមកទល់ពេលនេះមានរថយន្តជាង ៦៧ម៉ឺនគ្រឿង ប្រើប្រាស់គ្រោងឆ្អឹង MEB ដោយមានចំនួន ៥០ម៉ឺនគ្រឿង គឺជារថយន្តម៉ូដែល VW។
ជាមួយគ្រោងឆ្អឹងថ្មីនេះ VW Group មិនបាននិយាយថានឹងដាក់ប្រើប្រាស់នៅពេលណានោះទេ ប៉ុន្តែក្រុមហ៊ុនមានផែនការប្រកាសចេញរថយន្តអគ្គិសនីឲ្យបាន ១០ម៉ូដែលបន្ថែមទៀតនៅត្រឹមឆ្នាំ២០២៦៕