[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Tiguan ទទួលបានការផ្លាស់ប្តូររូបរាងថ្មី គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ខ្ទង់ ៣ម៉ឺនដុល្លារ ។
VW Tiguan ផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៨៤ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩១ ម.ម ។ សម្រាប់ផ្នែកខាងក្រៅបានបំពាក់ប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៉ីញ និងទំហំ ១៥អ៉ីញជាជម្រើស អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងភ្លើងលម្អ ៣០ពណ៌ និងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១២ចំណុចជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Drive suite ដែលរួមបញ្ចូននៅមុខងារដ៏សំបូរបែបជាស្តង់ដារទៀតផង ៕