VW គ្រោងប្រកាសចេញលក់ All-new Tiguan ជំនាន់ទី៣ ឆ្នាំ 2025​ ក្នុងខែឧសភាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសជាផ្លូវការថា ពួកគេគ្រោងនឹងដាក់បង្ហាញចេញលក់នូវរថយន្ត All-new Volkswagen Tiguan ជំនាន់ទី៣ សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី នៅក្នុងខែ​​ឧសភាខាងមុខនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ៣ ជាមួយតម្លៃលក់ចាប់ពី ២៧ ៣០០ ដុល្លារ ដល់ ៤៥ ៨០០ ដុល្លារ។

VW Tiguan ផលិតឡើងនៅលើគ្រោងឆ្អឹង MQB platform មានប្រវែងតួខ្លួនសរុប ៤ ៦៨៤ ម.ម ទទឹង ១ ៨៥៤ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩១ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD ។
  • ម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៩ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ FWD ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ All-new Volkswagen Tiguan ជំនាន់ទី៣ សេរ៊ីឆ្នាំ២០២៥ ត្រូវបានបំពាក់ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៊ីញ និងទំហំ ១៥អ៉ីញជាជម្រើស អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងភ្លើងលម្អ ៣០ពណ៌ និងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១២ចំណុចជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Drive suite ដែលរួមបញ្ចូននៅមុខងារដ៏សំបូរបែបជាស្តង់ដារទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម