
ក្រុមហ៊ុន Wey របស់ Great Wall Motors បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត SUV ខ្នាតធំម៉ូឌែលថ្មីរបស់ខ្លួនមានឈ្មោះថា Wey V9X។ រថយន្តនេះគឺរថយន្ដដំបូងគេបង្អស់ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង GWM One របស់ក្រុមហ៊ុន GWM ដំណើរដោយម៉ាសុីនចំណុះ 2.0T រួមបញ្ចូលជាមួយប្រព័ន្ធ Plug-in Hybrid ដ៏ទំនើប អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ២៤០ គីឡូម៉ែត្រ និង ៣៦៣ គីឡូម៉ែត្រ យោងតាមទិន្នន័យចុះបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន (MIIT)។
រថយន្ត Wey V9X បាននាំមកនូវរចនាបថថ្មីប្លែកភ្នែក ដោយបំពាក់ជាមួយប៉ាណាខាងមុខបែបបិទជិត អមដោយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ ធ្វើឲ្យរូបរាងខាងមុខមើលទៅកាន់តែធំទូលាយ។ នៅផ្នែកខាងលើកញ្ចក់ខាងមុខ ក៏មានបំពាក់នូវឧបករណ៍ LiDAR ដែលសបញ្ជាក់ថា រថយន្តនេះនឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ និងទំនើបបំផុត។ ប៉ាណាផ្នែកខាងក្រោមមានរន្ធខ្យល់ដែលអាចបិទបើកដោយស្វ័យប្រវត្តិ រួមជាមួយភ្លើងជំនួយការបើកបរពណ៌ខៀវ និងភ្លើងស៊ីញ៉ូដែលបង្កប់នៅសងខាងនៃកាងខាងក្រោម។
ពិនិត្យមើលពីផ្នែកចំហៀងវិញ V9X ប្រើប្រាស់នូវខ្សែបន្ទាត់ចង្កេះពីរជាន់ ដែលធ្វើឲ្យរថយន្តមើលទៅកាន់តែវែង និងមានរាងរៅស្អាត។ ជាមួយគ្នានេះរថយន្តនេះមានជម្រើសពណ៌តួខ្លួនពីរពណ៌ (Two-tone) និងប្រើប្រាស់ដៃទ្វារបែបបុរាណ លេងបន្ថែមជាមួយថាសកង់ស្ព័ររចនាជាមួយកាំរាងជារូបផ្ការីក។ នៅផ្នែកខាងក្រោយ V9X បានបំពាក់ជាមួយចង្កៀងអូសកាត់ទទឹងផ្នែកខាងក្រោយ មានរាងពងក្រពើ និងមានបង្កប់នូវភ្លើងជំនួយការបើកបរពណ៌ខៀវ ដូចទៅនឹងផ្នែកខាងមុខដែរ។
ចូលមកដល់ផ្នែកខាងក្នុង បំពាក់នូវបន្ទះកុងទ័រឌីជីថល LCD ត្រូវបានបន្ថែមភាពលេចធ្លោដោយអេក្រង់កម្សាន្ដខ្នាតធំប្រភេទ Floating Screen ជាប្រភេទអេក្រង់អណ្ដែត ទំហំប៉ុនគ្នាសម្រាប់អ្នកដំណើរខាងមុខ។ ចំពោះរន្ធម៉ាស៊ីនត្រជាក់វិញ ត្រូវបានរចនាឡើងជាជួរអូសកាត់ទទឹង ស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយការរចនាបែបព័ទ្ធជុំវិញនៃកាប៊ីនរថយន្ត។
បន្ថែមពីនេះ V9X ក៏បានបំពាក់នូវអេក្រង់កម្សាន្ត អាចបត់បានសម្រាប់អ្នកដំណើរនៅកៅអីជួរទី២ ដើម្បីបង្កើនភាពងាយស្រួល និងការកម្សាន្ត។ នៅជុំវិញគែមនៃអេក្រង់បត់ទាំងនេះ ក៏មានបន្ថែមនូវភ្លើងលម្អក្នុងកាប៊ីន (Ambient lighting) ផងដែរ។ ចំណុចពិសេសរបស់រថយន្តនេះក៏មានផ្តល់នូវប្រព័ន្ធសាកថ្មទូរសព្ទឥតខ្សែ (Wireless charging) ទាំងសម្រាប់អ្នកជួរមុខ និងអ្នកជួរទី២។
ងាកមកមើលពីកម្រិតសមត្ថភាពវិញ ថាមពលរបស់រថយន្ដនេះបានមកពីម៉ាស៊ីនសាំងចំណុអ 2.0T អាចផលិតកម្លាំងបានអតិបរមា ១៧៥ គីឡូវ៉ាត់ (kW) រួមបញ្ចូលជាមួយប្រព័ន្ធ Plug-in Hybrid។ ទន្ទឹមគ្នានេះ Wey V9X អាចរត់បានល្បឿនអតិបរមាដល់ទៅ ២១០ គីឡូម៉ែត្រ/ម៉ោង មានសមត្ថភាពអាចជាន់ពីស្ទុះកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៤.៤ វិនាទី ប៉ុណ្ណោះ នៅប្រើមុខងារ (Full Electric Mode) ៕



















