ក្រុមហ៊ុនយក្សអេឡិចត្រូនិចរបស់ចិន Xiaomi នឹងសាងសង់រោងចក្រមួយកន្លែង ដែលអាចផលិតរថយន្តបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅទីក្រុងប៉េកាំង សម្រាប់ផ្នែករថយន្តអគ្គិសនីរបស់ខ្លួន។
រោងចក្រខាងលើនោះនឹងសាងសង់ជាពីរដំណាក់កាល ហើយ Xiaomi ក៏នឹងសាងសង់ទីស្នាក់ការកណ្តាល ការិយាល័យលក់ និងការិយាល័យស្រាវជ្រាវ របស់អង្គភាពរថយន្តខ្លួននៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉េកាំង (Beijing Economic and Technological Development Zone) ផងដែរ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា រោងចក្ររបស់ក្រុមហ៊ុន Xiaomi នោះ ត្រូវគេរំពឹងថានឹងឈានដល់ការផលិតទ្រង់ទ្រាយធំ នៅឆ្នាំ ២០២៤ ដែលជាគោលដៅប្រកាសដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun កាលពីខែតុលា។
គួររំលឹកឲ្យដឹងថា នៅក្នុងខែមីនា ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួននឹងប្តេជ្ញាវិនិយោគ ១០ ពាន់លានដុល្លារអាមេរិក នៅក្នុងផ្នែករថយន្តអគ្គិសនីថ្មីមួយ ក្នុងរយៈពេល ១០ ឆ្នាំ។ ក្រោយមក ក្រុមហ៊ុននេះក៏បានបញ្ចប់ការចុះបញ្ជីអាជីវកម្មនៃអង្គភាពរថយន្តអគ្គសិនីរបស់ខ្លួន នៅចុងខែសីហាតែម្តង៕