ក្រុមហ៊ុនផលិតរថយន្ត Xiaomi បានប្រកាសចេញជម្រើសពណ៌ថ្មីសម្រាប់រថយន្ត Xiaomi SU7 គឺពណ៌ Magenta ដើម្បីរំលឹកខួបលើកទី ១៥ របស់ពួកគេ មានតម្លៃលក់ប្រហែល ១ ២៥០ ដុល្លារ លើសពីតម្លៃជម្រើសពណ៌ផ្សេងៗដែលមានតម្លៃលក់ត្រឹមតែ ៩៥០ ដុល្លារ ប៉ុណ្ណោះ។
ចំពោះ លក្ខណៈពិសេសរបស់ពណ៌ Magenta នេះ គឺមានសាច់ពណ៌ស្រាលស្រទន់ពេលស្ថិតក្នុងពន្លឺធម្មតា និងមានសាច់ពណ៌ភ្លឺថ្លាពេលស្ថិតក្នុងពន្លឺថ្ងៃ និងពិតជាសាកសមសម្រាប់អ្នកប្រើប្រាស់ស្រីៗវ័យក្មេង។ លើសពីនេះ ក៏មានការរចនាជាពិសេសជាមួយថាសកង់ពណ៌ Magenta ដូចគ្នានឹងតួរថយន្ត និងដុំហ្វ្រាំងពណ៌លឿងផងដែរ។
គួរឲដឹងថា រថយន្តអគ្គិសនី SU7 ទទួលបានជម្រើសចំនួន ៣ រួមមាន៖
- Standard Model: ប្រើម៉ូទ័រចំនួន ១ កម្លាំង ២៩៥ សេះ អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ
- Pro Model: ប្រើម៉ូទ័រចំនួន ១ កម្លាំង ២៩៥ សេះ និងថ្ម ៩៤,៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៣០ គីឡូម៉ែត្រ
- Max Model: ប្រើម៉ូទ័រចំនួន ២ មានកម្លាំង ៣៦៩ សេះ និង ២៩៥ សេះ អាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រ
គួរឲដឹងថា រថយន្តអគ្គិសនី SU7 មានតម្លៃលក់ចាប់ពី ២៩ ៦៥០ ដុល្លារ ដល់ ៤១ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕