[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការដាក់បង្ហាញចេញនូវគូរូរថយន្ត Xiaomi SU7 Ultra ប្រភេទ sedan ទ្វារ ៤ នៅក្នុងប្រទេសចិន ដែលមានកម្លាំងខ្លាំងជាងរថយន្ត Bugatti Chiron ទៅទៀត។
រថយន្ត Xiaomi SU7 Ultra នេះប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ២ ០៦៤ ម.ម កំពស់ ១ ៤០៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ពោលគឺ V8 ចំនួន ២ និង V6 ចំនួន ១ ដែលផ្តល់ថាមពលសរុប ១ ៥៤៨ សេះ ផ្គួបជាមួយអាគុយ Qilin 2.0 high-power battery ទំហំ 897V charging និង 5.2C charge rate អាចសាកមួយពេញប្រើពេលតិចជាង ១២ នាទី។
គួរបញ្ជាក់ផងថា ចំពោះម៉ាសុីន HyperEngine V8s មានល្បឿនអតិបរមា 27,200 rpm ផលិតកម្លាំងបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៣៥ ញ៉ូតុនម៉ែត្រ។ លើសពីនេះទៅទៀត Xiaomi SU7 Ultra ត្រូវបានបំពាក់ដោយហ្វ្រាំង AP Racing calipers – 6-piston forged calipers នៅផ្នែកខាងមុខ និងខាងក្រោយ។
រថយន្តនេះអាចស្ទុះពីល្បឿន 0-100km/h ប្រើពេលខ្ទង់ ១,៩៧ វិនាទី, 0-200km/h ប្រើពេលត្រឹមតែ ៥,៩៧ វិនាទី និងអាចបង្កើនល្បឿនដល់ 300km/h ត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ ។ សម្រាប់ Top-speed វិញគឺ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថយន្តមានទម្ងន់ត្រឹមតែ ១ ៩០០ គីឡូក្រាមប៉ុណ្ណោះ។