
ក្រុមហ៊ុន Xiaomi Motor បានធ្វើបច្ចុប្បន្នភាពឯកសារដាក់ជូនក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) សម្រាប់រថយន្ត SUV អគ្គិសនី YU7 ដែលនឹងចេញនាពេលខាងមុខ ដោយបន្ថែមម៉ូឌែលថ្មី ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ single-motor អាចបើកបរបានចម្ងាយ ៨៣៥ គីឡូម៉ែត្រ។
ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ជាផ្លូវការថា ម៉ូដែលនេះនឹងដាក់លក់ចន្លោះពីខែមិថុនា ដល់ខែកក្កដា ឆ្នាំនេះ ដោយប្រកួតប្រជែងដោយផ្ទាល់ជាមួយជើងខ្លាំង Tesla Model Y និង Xpeng G7 ជារថយន្ត SUV អគ្គិសនីលំដាប់ខ្ពស់របស់ប្រទេសចិន។ តាមការរំពឹងទុក រថយន្ដម៉ូឌែលនេះ ត្រូវបានគេរំពឹងថានឹងដាក់លក់ជាមួយតម្លៃប្រហែល ២៥០ ០០០ ដល់ ៣៥០ ០០០ យ័ន ស្មើនិង ៣៥ ០០០ ដល់ ៤៩ ០០០ ដុល្លារ។
ចំពោះរថយន្ដបានចុះបញ្ជីថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ៣១៥សេះ ជាមួយការប្រើប្រាស់ថាមពលអាគុយត្រឹម ១៣.៣ kWh ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្តម៉ូឌែលរចនាមានទម្ងន់ត្រឹមតែ ២ ៣១៥ គីឡូក្រាម ដើម្បីជួយរក្សាតុល្យភាពរវាងប្រសិទ្ធភាពរយៈចម្ងាយនៃការបើកបរ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦០០ ម.ម ទម្ងន់ ២ ៤០៥ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានការរចនាបែបស្ព័រ ដែលមានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue ប៉ុន្តែចង្កៀងមុខត្រូវបានរចនាជាមួយរចនាប័ទ្ម 750S ដែលបំផុសគំនិតតាម McLaren ខណៈនៅផ្នែកខាងក្រោយរចនាជាមួយអំពូល LED លាតពេញផ្ទៃខាងក្រោយតែម្តង រួមជាមួយ spoiler ដែលមើលទៅមិនខុសពីរថយន្ត Aston Martin នោះឡើយ។
ចំពោះផ្នែកខាងផ្នែកខាងក្នុង តាមការរំពឹងទុកអាចនឹងបំពាក់មកជាមួយពណ៌ស្វាយក្រហម និងពណ៌បៃតងស្រាល ដោយមានអេក្រង់កម្សាន្ដ ទំហំ ១៦,១អុីញ និងភ្ជាប់មកជាមួយអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយ។ បន្ថែមពីផ្នែកខាងក្នុងភ្ជាប់មកជាមួយកន្លែងសាកឥតខ្សែ ប្រអប់ដាក់ដៃបើកបានពីរទិស កន្លែងដាក់កែវ និងកៅអី zero-gravity អាចបត់បានរាបស្មើ។ Xiaomi YU7 ក៏បំពាក់មកជាមួយ បច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនមុខងារ រួមទាំងឧបករណ៍ចាប់សញ្ញា LiDAR ដែលបំពាក់លើដំបូល និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ ជួយបង្កើនផាសុកភាពក្នុងការធ្វើដំណើរផ្លូវឆ្ងាយ។ ម៉ូឌែលលំដាប់ខ្ពស់ក៏នឹងផ្តល់ជូននូវចង្កូតស្រោបស្បែក Alcantara និង carbon fibre ផងដែរ៕