
ក្រុមហ៊ុន Xiaomi បានបន្ថែមសមិទ្ធផលថ្មីមួយទៀតនៅលើទីលានប្រណាំង Nürburgring ដោយឲ្យរថយន្ត YU7 GT មួយគ្រឿងបានបើកបរជុំវិញផ្លូវប្រណាំង Nordschleife ដោយគ្មានមនុស្សបើកបរ។ ជាលទ្ធផលរថយន្ដ Xiaomi YU7 GT គ្មានអ្នកបើករបរមួយគ្រឿងនេះ បានចំណាយអស់រយៈពេល ១០ នាទី និង ២៩.៤៨៣ វិនាទី ក្នុងការបើកមួយជុំទីលានប្រណាំង Nordschleife មានចម្ងាយជិត ២១ គីឡូម៉ែត្រ។ ចំពោះទីឡានប្រណាំង Nordschleife គឺជាផ្នែកនៃទីលានដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់ដែលឈ្មោះថា Nürburgring ។
ទោះបី Xiaomi មិនជាក្រុមហ៊ុនដំបូងដែលបានដាក់ធ្វើតេស្ដរថយន្ដគ្មានអ្នកបើកបរ ធ្វើការបើកបរដោយខ្លួនឯងពិតមែន ប៉ុន្តែពួកគេបានក្លាយជាកក្រុមហ៊ុនចិនដំបូងគេបង្អស់ ដែលប្រើប្រាស់រថយន្តគ្មានអ្នកបើកបរ អាចរត់បញ្ចប់មួយជុំពេញ ដោយមានការវាស់វែង និងកត់ត្រាម៉ោងជាផ្លូវការនៅលើទីលានប្រណាំង Nürburgring Nordschleife ដ៏គ្រោះថ្នាក់មួយនេះ។
យោងតាមរយៈលទ្ធផលបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្ដិរបស់ Xiaomi ត្រូវបានស្ងើចសរសើយ៉ាងរខ្លាំង ទោះបីជាវាមានរយៈពេលយឺតជាងជាង ៣ នាទី បើធៀបទៅនឹងថេរវេលា ៧ នាទី និង ២២.៧៦ វិនាទី ដែលធ្វើបានដោយរថយន្ត YU7 GT ត្រូវបានបើកបរអ្នកកាន់ដៃចង្កូតកាលពីខែមុន។ បើងាកទៅទស្សនាវីដេអូទិដ្ឋភាពនៃការបើកបរដោយគ្មានអ្នកបើកបររបស់រថយន្ត Xiaomi នោះ យើងអាចមើលឃើញភ្លាមៗយ៉ាងច្បាស់ថារថយន្ដ YU7 GT មិនបានបើកបរក្នុងលក្ខណៈបែបប្រណាំងនោះឡើយ ដោយវាបានបើកចូលទៅជិតផ្លូវបត់នីមួយៗដោយភាពប្រយ័ត្នប្រយែងខ្ពស់ បន្សល់ទុកនូវចន្លោះសុវត្ថិភាពយ៉ាងធំទូលាយ និងបង្ហាញឥរិយាបថបើកបរទូទៅដូចជាអ្នកបើកបរម្នាក់ដ៏ស្ទាត់ជំនាញ៕

















