
ក្រុមហ៊ុន Xiaomi Automobile Technology Co., Ltd. បានធ្វើការប្រកាសប្រមូលមកវិញនូវរថយន្តអគ្គិសនី SU7 ប្រភេទ Standard Edition ចំនួន ១១៦ ៨៨៧គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយសារបញ្ហាដែលអាចកើតឡើងនៃប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ L2 (L2 Highway Autopilot Assistance)។
ការប្រមូលមកវិញនេះទំនងជាអាចជាការឆ្លើយតបទៅនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនៅលើផ្លូវហាយវ៉េកាលពីខែមីនា ដែលនិស្សិតសាកលវិទ្យាល័យបីនាក់បានបាត់បង់ជីវិតបន្ទាប់ពីរថយន្តរបស់ពួកគេបានប៉ះនឹងរបាំងចែកផ្លូវក្នុងពេលមានស្ថានភាពធ្វើផ្លូវ។
Xiaomi គ្រោងនឹងដោះស្រាយបញ្ហានេះតាមរយៈការអាប់ដេតកម្មវិធី OTA ដោយមិនគិតថ្លៃដល់ម្ចាស់យានយន្ត។ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់តាមរយៈសារជាអក្សរ និងតាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ៕