
ក្រុមហ៊ុន Xpeng Motors បានបញ្ចេញរូបភាពគម្រូ (teaser) របស់រថយន្តអគ្គិសនីម៉ូឌែល E29 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅពេលខាងមុខនេះ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងដាក់លក់នៅពាក់កណ្តាលឆមាសទីពីរនៃឆ្នាំ ២០២៥ ហើយនឹងនាំមកនូវការផ្លាស់ប្តូរច្រើន រចនាផ្តោតលើរូបរាងកាន់តែទាក់ទាញ ហើយមានសមត្ថភាពខ្ពស់ជាងរថយន្ត sedan បច្ចុប្បន្នរបស់ខ្លួន។
Xpeng E29 ត្រូវបានរចនាដោយលោក Rafik Ferrag ដែលធ្លាប់ធ្វើការលើរថយន្ត Xpeng P7 ក្រោយគាត់បានចូលរួមជាមួយក្រុមហ៊ុន Xpeng ក្នុងឆ្នាំ ២០១៨ ។ ចំពោះលក្ខណៈពិសេសនៃរថយន្ដនេះមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ។ បើមើលតាមរូបភាពគម្រូ រថយន្តនេះរចនាបែប fastback អ្វីដែលចាប់អារម្មណ៍គឺស្ដុបខាងក្រោយរចនាបែបបញ្ឍរលេងជាមួយបន្ទាត់អូសគាត់ពេញទទឹងផ្នែកខាងក្រោយ បន្ថែមមកជាមួយដៃទ្វារលឹបចូលតួរថយន្ត កញ្ចក់ចំហៀងគ្មានស៊ុម និង spoiler ខាងក្រោយអាចបត់បាន។ ការរចនាផ្នែកខាងមុខ និងខាងក្រោយមានភាពស្រដៀងគ្នានឹង P7+ ដែលបានដាក់លក់ក្នុងឆ្នាំ ២០២៤ ទោះបីជា E29 បន្ថែមធាតុរចនាមួយចំនួន ដើម្បីកែលម្អប្រព័ន្ធលំហូរខ្យល់ (aerodynamic performance) ។
ព័ត៌មានលម្អិតផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ។ ទោះជាយ៉ាងណា យោងតាមរូបភាពបែកធ្លាយ រថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដធំនៅកណ្ដាល ចង្កូតបែបស្ព័រ បន្ថែមមកជាមួយប៊ូតុងបញ្ជារាងមូល។ រថយន្ត E29 ត្រូវបានគេរំពឹងថានឹងបំពាក់នូវប្រព័ន្ធបញ្ជាជំនាន់ចុងក្រោយរបស់ Xpeng គឺ Xmart OS 2.0 គាំទ្រការបញ្ជាដោយសំឡេង និងអាចរួមបញ្ចូល augmented reality head-up display។
រថយន្ដនេះក៏អាចនឹងមានប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) ដំណើរការដោយបន្ទះឈីបសិប្បនិម្មិត Turing ជំនាន់ក្រោយរបស់ Xpeng ខុសពីម៉ូដែលបច្ចុប្បន្នមួយចំនួនរបស់ក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធផ្អែកលើ lidar ។ ចំពោះព័ត៌មានពីកម្រិតសមត្ថភាពរបស់រថយន្ដនេះ មិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ។
រថយន្ត E29 គម្រូដែលបិទបាំងខ្លួន (camouflaged) ត្រូវបានគេឃើញកំពុងធ្វើតេស្តលើផ្លូវក្នុងប៉ុន្មានខែថ្មីៗនេះ។ លោក He Xiaopeng នាយកប្រតិបត្តិរបស់ Xpeng ត្រូវបានគេថត បានពេលកំពុងសាកល្បងបើកបររថយន្តមួយក្នុងចំណោមរថយន្តទាំងនោះនាពេលថ្មីៗនេះ។ កាលពីខែកុម្ភៈ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជសញា្ញ សម្រាប់ឈ្មោះ “P7 Ultra” ដែលនៅតែស្ថិតក្រោមការពិនិត្យ៕