XPeng គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាក់ស្តែងចំនួនលក់នៅក្នុងខែធ្នូនេះ ក្រុមហ៊ុននេះលក់បានរហូតទៅដល់ចំនួន ១៦ ០០០គ្រឿង (កើនឡើងចំនួន ១៨១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ) ដែលច្រើនជាងខែវិច្ឆិកាដែលលក់បានចំនួន ១៥ ៦១៣គ្រឿង ហើយបើគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១នេះ XPeng លក់បានរថយន្តសរុប ៩៨ ០០០គ្រឿង។
ក្រុមហ៊ុនបាននិយាយថា លទ្ធផលបានបង្ហាញពីសន្ទុះអាជីវកម្មដ៏រឹងមាំ និងសមត្ថភាពក្នុងការចរាចរណ៍រថយន្តអគ្គិសនីទូទាំងប្រទេស និងជាសកល។ ក្នុងនោះផងដែរ ចំនួនលក់សរុបទាំង ៩៨ ០០០គ្រឿង មានការចូលរួមពី៖
- រថយន្ត XPeng P7 ជាម៉ូឌែលមួយដែលមានការលក់ដាច់បំផុត ដោយមានចំនួន ៦០ ៥៦៩គ្រឿង កើនឡើង ៣០២ភាគរយ
- រថយន្ត XPeng G3/G3i មានចំនួន ២៩ ៧២១ កើនឡើងចំនួន ១៤៨ភាគរយ
- រថយន្តម៉ូឌែលថ្មី XPeng P5 មានចំនួន ៧ ៨៥៦៥គ្រឿង
ជាក់ស្តែង XPeng បានបន្តពង្រីកបណ្តាញរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិនជាមួយនឹងស្ថានីយសាកអាគុយចំនួន ៦៦១ នៅក្នុងទីក្រុងចំនួន ២២៨ និងកន្លែងចែកចាយចំនួន ៣១១ ជាមួយនឹងទីក្រុងចំនួន ១២១ ដែលដំណើរការនៅចុងឆ្នាំ ២០២១៕