
ក្រុមហ៊ុន Xpeng Motors បានដាក់សម្ពោធរថយន្តម៉ូឌែល G6 EREV ជាផ្លូវការនៅប្រទេសក្នងនាមជារថយន្ដប្រភេទ EREV ដំបូងនៅក្នុងខ្សែស្រឡាយរថយន្ត Coupe SUV ជាមួយនឹងតម្លៃចាប់ផ្តើម ២៧ ០៨០ ដុល្លារ។ រថយន្ដម៉ូឌែលថ្មីនេះមានគោលដៅវាយលុកទីផ្សាររថយន្ត SUV ប្រភេទប្រើម៉ាស៊ីនដើរតួនាទីជាម៉ាសុីនសាកសាកថ្ម ហើយរថយន្ដប្រភេទនេះកំពុងទទួលការគាំទ្រនៅក្នុងប្រទេសចិន។ ការដាក់សម្ពោធនេះក៏រួមបញ្ចូលនូវការផ្តល់ជូនពិសេសមានតម្លៃប្រហែល ៤ ៨១០ដុល្លារ សម្រាប់ការកុម្ម៉ង់ត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ក្នុងនោះមានដូចជា ការបញ្ចុះតម្លៃទិញ និងការផ្តល់ជូនថវិកាបន្ថែមសម្រាប់ការដូរស៊េរីឡានចាស់យកឡានថ្មីផងដែរ។

ក្រុមហ៊ុន Xpeng បានចែកចាយរថយន្តចំនួន ១៥ ២៥៦ គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ ដោយមមានការធ្លាក់ចុះ ៤៩.៩% បើធៀបនឹងការចែកចាយចំនួន ៣០ ៤៥៣ គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ ២០២៥។ ការដាក់បង្ហាញម៉ូឌែល G6 EREV នេះគឺធ្វើឡើងតាមនិន្នាការរួមនៃឧស្សាហកម្មរថយន្ត ដែលងាកទៅរកប្រព័ន្ធប្រើម៉ាស៊ីនជំនួយឲ្យសាកថ្ម ដើម្បីកាត់បន្ថយការប្រែប្រួលនៃការលក់រថយន្តអគ្គិសនីសុទ្ធ។
សម្រាប់កម្រិតសមត្ថភាពវិញរថយន្ត Xpeng G6 EREV ប្រើប្រាស់ម៉ាស៊ីនសាំង 1.5T (Turbo) ផ្គត់ផ្គង់ដោយក្រុមហ៊ុន Dong’an Power ដើរតួនាទីជាម៉ាស៊ីនសាកថ្ម។ ចំពោះម៉ាស៊ីននេះផលិតថាមពលបាន ១១០ គីឡូវ៉ាត់ ប៉ុន្តែវាមិនមានតួនាទីបង្វិលកង់ដោយផ្ទាល់នោះទេ។ ចលនាបង្វិលកង់គឺបានមកពីម៉ូទ័រអគ្គិសនីកម្លាំង ២១៨ គីឡូវ៉ាត់ ដំណើរការជាមួយកញ្ចប់អាគុយប្រភេទ LFP ទំហំ ៥៥.៨ គីឡូវ៉ាត់ម៉ោង និងធុងសាំងចំណុះ ៦០ លីត្រ។
ជាមួយគ្នានេះរថយន្តនេះត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 800V និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 5C។ ក្រុមហ៊ុន Xpeng បានបញ្ជាក់ថា អាគុយរបស់រថយន្ដនេះប្រើពេលត្រឹមតែ ១២ នាទី ប៉ុណ្ណោះ អាចបើកបរបានចម្ងាយផ្លូវបាន ៣១៤ គីឡូម៉ែត្រ ក្នុងលក្ខខណ្ឌអំណោយផលបំផុត។
បើនិយាយពីរយៈចម្ងាយនៃការបើកបរវិញ Xpeng G6 EREV ប្រើអគ្គិសនីអាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ប៉ុន្តែបើប្រើសាំងលាយអគ្គិសនីអាចបើកបរបានចម្ងាយ ១ ៧០៤ គីឡូម៉ែត្រ។ សម្រាប់កម្រិតស៊ីថាមពលអគ្គិសនីមធ្យមរថយន្ដសុីត្រឹមតែ ១៣.៩ kWh/១០០ គីឡូម៉ែត្រប៉ុណ្ណោះ៕





















