XPENG គ្រោងដាក់រោងចក្រផលិតរថយន្តអគ្គិសនី នៅប្រទេសអាស៊ានមួយទៀតបន្ទាប់ពីឥណ្ឌូណេស៊ី

ប្រទេសនៅក្នុងតំបន់អាស៊ាន បានកំពុងក្លាយជាទីតាំងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនមួយទៀតហើយ គឺ XPENG ដោយក្រុមហ៊ុន​នេះគ្រោងនឹងដាក់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសម៉ាឡេស៊ី។

XPENG បានប្រកាសកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួន​កំពុងចរចាជាមួយដៃគូនៅក្នុងប្រទេសម៉ាឡេស៊ី គឺក្រុមហ៊ុន EPMB ដើម្បីចាប់ផ្តើម​ផលិតកម្ម​រថយន្តអគ្គិសនីទ្រង់ទ្រាយធំ នៅឆ្នាំ២០២៦ខាងមុខនេះ។ EPMB គឺជាក្រុមហ៊ុនម៉ាឡេស៊ី ដែលផលិតគ្រឿងបង្គុំរថយន្តដូចជា ប្លាស្ទីក និងតួអាលុយមីញូមជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPENG មានគោលដៅ​ធ្វើឲ្យម៉ាឡេស៊ី ក្លាយជាមូលដ្ឋានយុទ្ធសាស្រ្តមួយសម្រាប់ការពង្រីកទីផ្សាររថយន្តចង្កូតស្តាំនៅតំបន់អាស៊ាន។ យ៉ាងណាមិញ ក្រុមហ៊ុនចិនមួយនេះ មិនបាន​ទម្លាយឲ្យដឹងពីម៉ូឌែល និងចំនួនដែលត្រូវផលិតនោះទេ។

គួរដឹងថា បើសិនគម្រោងដាក់រោងចក្រនេះសម្រេចបាន នោះនឹងធ្វើឲ្យម៉ាឡេស៊ី ក្លាយជាប្រទេសអាស៊ានទី២ ដែលមានរោងចក្ររថយន្តរបស់ XPENG បន្ទាប់ពីឥណ្ឌូណេស៊ី ដែលបានដំឡើងម៉ូឌែល X9 រួចមកហើយ កាលពីខែកក្កដា ហើយក៏ជាមូលដ្ឋានផលិតកម្មក្រៅប្រទេសទីមួយរបស់ក្រុមហ៊ុនចិននេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម