
ក្រុមហ៊ុន Xpeng ត្រៀមនឹងបង្ហាញរថយន្ត SUV ថ្មីម៉ូឌែល G7 របស់ខ្លួននៅល្ងាចថ្ងៃពុធនេះ ហើយរថយន្តនេះជាប្រភេទ “AI Car” ដំបូងគេបង្អស់ប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ L3។
លោក He Xiaopeng ប្រធានក្រុមហ៊ុន បានលើកឡើងថា Xpeng G7 គឺជារថយន្ត SUV ដ៏ឆ្លាតវៃដ៏កម្រមួយដែលរួមបញ្ចូល “បច្ចេកវិទ្យាកម្រិតខ្ពស់ជាមួយនឹងផាសុកភាព” ហើយមានការរចនាបែបអនាគត រួមបញ្ចូលជាមួយភាពច្នៃប្រឌិតខ្ពស់។
រថយន្ត G7 មានប្រវែង ៤ ៨៩២ម.ម ទទឹង ១ ៩២៥ កម្ពស់ ១ ៦៥៥ម.ម គម្លាតកង់មុខក្រោយប្រវែង ២ ៨៩០ម.ម មានការរចនាបែបសុីវីល័យ ដោយលេងជាមួយគែមខាងក្រោមពណ៌ខ្មៅមួយជុំរថយន្ដ ហើយកម្ពស់ខ្ពស់ពីបាតដីខ្ពស់និងបន្ថែមមកជាមួយកោងក្រោយនៅលើដំបូលទៀត។
លក្ខណៈពិសេសៗនៃការរចនាបន្ថែមទៀតរួមមាន៖ កញ្ចក់មើលចំហៀងពណ៌ខ្មៅ, ដៃទ្វាររៀបស្មើ និងកញ្ចក់ឯកជននៅទ្វារខាងក្រោយ។ រថយន្ដក៏បំពាក់មកជាមួយដំបូលកញ្ចក់បែប Panoramic ដែលទំនងជាមានស្រទាប់ការពារកម្ដៅថ្ងៃប្រកបដោយប្រសិទ្ធភាព។ ផ្នែកខាងក្នុងដែលត្រូវបានរក្សាបាននូវរចនាបថបែប Minimalist។
ចំណុចលេចធ្លោដ៏សំខាន់មួយគឺប្រព័ន្ធ “Chasing Light Panorama AR-HUD” ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ Huawei ហើយដាក់ឲ្យដំបូងនៅក្នុងរថយន្ត Xpeng G7។ ប្រព័ន្ធនេះរួមបញ្ចូលជាមួយនឹង Huawei hardware ហើយនិង Xpeng Software ដើម្បីផ្តល់ជូននូវការរុករកផ្លូវ និងប្រព័ន្ធជំនួយការបើកបរកាន់តែប្រសើរ។
ប្រព័ន្ធ AR-HUD ប្រើប្រាស់មុខងារ Algorithm ដើម្បីដាក់បញ្ចូលការរុករកឌីជីថលទៅលើទិដ្ឋភាពជាក់ស្ដែង ដែលជួយដល់ការសម្រេចចិត្តរបស់អ្នកបើកបរ និងបង្កើនសុវត្ថិភាព។ លក្ខណៈពិសេសរបស់វាដូចជា៖ ការរុករកកម្រិតគន្លងផ្លូវ ប្រព័ន្ធជំនួសការបើកបរនិងការដាស់តឿនសុវត្ថិភាពត្រូវបានគាំទ្រ ដោយ AR “light carpet” ត្រូវបានកែតម្រូវសម្រាប់ពេលជួបឧបសគ្គ និងផ្លូវជម្រាល។ ប្រព័ន្ធនេះក៏ផ្តល់ការព្រមានសម្រាប់ការប្តូរគន្លងផ្លូវ ចាប់យកសកម្មភាពអ្នកថ្មើរជើង និងជួយសម្រួលដល់ការបើកបរក្នុងស្ថានភាពអាកាសធាតុមិនល្អផងដែរ។
រថយន្ត G7 ក៏នឹងក្លាយជារថយន្តដំបូងគេដែលបំពាក់នូវបន្ទះឈីប Turing AI ដែលបង្កើតដោយ Xpeng ផ្ទាល់ ដែលត្រូវបានគេពិពណ៌នាថាជដែលមានសមត្ថភាពជំរុញការបើកបរដោយស្វ័យប្រវត្តិក្នុងកម្រិតខ្ពស់។
រថយន្ត Xpeng G7 ត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពឆ្លាតវៃ ដោយរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗជាច្រើន។ វាត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ២៥០ ០០០យន់ ឬស្មើនឹង ៣៦ ០០០ដុល្លារ ហើយនឹងក្លាយជាដៃគូប្រជែងរបស់ Tesla Model Y, Xiaomi SU7 និង Zeekr 7X។ រថយន្ត G7 ត្រូវបានកំណត់ថា នឹងបង្ហាញខ្លួនជាផ្លូវការ និងបើកទទួលការបញ្ជាទិញជាមុននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៕