
កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន Autoliv ដែលជាអ្នកផ្គត់ផ្គង់ពោងសុវត្ថិភាពរថយន្តសកល បានប្រកាសអំពីផែនការមហិច្ឆតារបស់ពួកគេក្នុងការដំឡើងពោងសុវត្ថិភាពលើម៉ូតូដែលមានតម្លៃសមរម្យ ហើយនេះគឺជាផ្នែកមួយនៃបេសកកម្មសង្គ្រោះជីវិតមនុស្សឲ្យបាន ១០០ ០០០នាក់របស់ពួកគេ តាមរយៈការប្រើប្រាស់ផលិតផលរបស់ខ្លួនទាំងនៅក្នុងរថយន្ត និងម៉ូតូ។ គិតត្រឹមឆ្នាំ២០២៦ ម៉ូតូប្រភេទអូតូដំបូងគេបង្អស់ បានបំពាក់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Autoliv ត្រូវបានដាក់បង្ហាញជាផ្លូវការហើយ ហើយនោះគឺម៉ូតូ Yamaha Tricity 300 ស៊េរីឆ្នាំ ២០២៦ ទទួលបានអាប់ដេតថ្មី។
សម្រាប់ពោងសុវត្ថិភាពបំពាក់លើម៉ូតូនេះជាបច្ចេកវិទ្យាកើតចេញពីការសហការគ្នារវាងក្រុមហ៊ុន Autoliv និងក្រុមហ៊ុន Yamaha។ ពោងសុវត្ថិភាពនេះត្រូវបានដំឡើងនៅចំក្រោមដៃចង្កូត ជំនួសកន្លែងប្រអប់ដាក់អីវ៉ាន់តូច វានឹងបំប៉ោងឆ្ពោះទៅរកពោះ និងទ្រូងរបស់អ្នកបើកបរនៅពេលមានគ្រោះថ្នាក់ពីការបុកទង្គិចពីខាងមុខ ដើម្បីទប់មិនឲ្យអ្នកបើកបរខ្ទាតទៅមុខបុកជាមួយផ្នែកខាងមុខរបស់ម៉ូតូ។
យ៉ាងមិញពោងសុវត្ថិភាពបំពាក់នៅលើម៉ូតូនៅតែមានកម្រិតក្នុងការការពារអ្នកបើកបរម៉ូតូពោលគឺមិនអាចការពារបានពេញលេញដូចពោងសុវត្ថិភាពរបស់រថយន្ដនេះទេ ដោយសារនៅក្នុងរថយន្តពោងសុវត្ថិភាពត្រូវបានរចនាឡើងដើម្បីជួយទប់អ្នកដំណើរដែលបានពាក់ខ្សែក្រវាត់ជាប់នឹងកៅអីរួចជាស្រេច។ ប៉ុន្តែនៅលើម៉ូតូមិនមានខ្សែក្រវាត់ដើម្បីទប់អ្នកបើកនោះទេ ប៉ុន្តែទោះបីជាការពារននៅមានកម្រិត ពោងសុវត្ថិភាពលើម៉ូតូនេះវាក៏ជាផ្នែកមួយសំខាន់ក្នុងការការពារអ្នកជិះម៉ូតូផងដែរ។ បើនិយាយពីចន្លោះរវាងអ្នកបើកបរ និងចំណុចប៉ះទង្គិចមិនមានគម្លាតឆ្ងាយពីគ្នាទេ ចំណុចនេះវាក៏អនុញ្ញាតឲ្យប្រព័ន្ធបញ្ជាលើពោងសុវត្ថិភាពងាយស្រួលចាប់សញ្ញាគ្រោះថ្នាក់ និងបញ្ចេញពោងការពារឲ្យទាន់ពេល។
យោងតាមហេតុផលខាងនេះហើយ ទើបក្រុមហ៊ុនផលិតម៉ូតូនៅលើពិភពលោក មិនបានប្រញាប់ប្រញាល់យកបច្ចេកវិទ្យាពោងសុវត្ថិភាពនេះមកប្រើប្រាស់ភ្លាមៗ បន្ទាប់ពីវាត្រូវបានដាក់ឲ្យប្រើដំបូងលើម៉ូតូ Gold Wing ស៊េរីឆ្នាំ២០០៦។ ចំពោះម៉ូតូ Gold Wing គឺស័ក្តិសមបំផុតក្នុងការទាញយកអត្ថប្រយោជន៍ពីពោងសុវត្ថិភាព ដោយសារអ្នកបើកបរមានទម្លាប់អង្គុយខ្លួនត្រង់ មិនសូវធ្វើចលនាចុះឡើងនៅលើម៉ូតូ និងអង្គុយក្នុងចម្ងាយឆ្ងាយល្មមពីផ្នែកខាងមុខនៃម៉ូតូ។ ជាមួយហេតុផលទាំងនេះហើយ តាមការរំពឹងទុកមុខងារពោងសុវត្ថិភាពក៏អាចនឹងប្រសិទ្ធភាពខ្ពស់នៅលើម៉ូតូអូតូដូចជា Tricity 300 ដូចគ្នា។
លើសពីនេះសម្រាប់ម៉ូតូអូតូគឺស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់ពោងសុវត្ថិភាព ដោយសារតែប្រភេទនៃគ្រោះថ្នាក់ដែលម៉ូតូប្រភេទអាចនឹងជួបប្រទះ ភាគច្រើនកើតមានក្នុងការធ្វើដំណើរក្នុងក្រុង ជាមួយល្បឿនយឺតល្មម។ បើនិយាយពីតម្លៃវិញYamaha Tricity 300 ស៊េរីឆ្នាំ ២០២៦ មានតម្លៃប្រហែល ១១ ០៤០ ដុល្លារ នៅចក្រភពអង់គ្លេស។
ជាមួយគ្នាម៉ូតូនេះត្រូវបាគេរំពឹងថានឹងមានវត្តមាននៅក្នុងអាគារតាំងបង្ហាញរថយន្តនៅត្រីមាសទី ២ នៃឆ្នាំ ២០២៦។ ចំពោះកម្រិតសមត្ថភាពវិញ Yamaha Tricity 300 បំពាក់ជាមួយម៉ាស៊ីន Blue Core ជំនាន់ថ្មី ទំហំ ២៩២ សេសេ (cc) ទំហំ១សុីឡាំង 4-stroke និងប្រើប្រាស់ប្រព័ន្ធត្រជាក់ដោយទឹក ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវប្រសិទ្ធភាពខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងរលូន។ បន្ថែមពីនេះម៉ូតូនេះក៏បានឆ្លងកាត់ការធ្វើតេស្ដស្ដង់ដារបំភាយឧស្ម័នដ៏តឹងរ៉ឹង Euro5+ ដោយប្រើប្រាស់នូវបំពង់ចម្រោះឧស្ម័ន (Catalyst) ថ្មី និងផលិតកម្លាំងបាន ២៨ សេះ (PS) ជាមួយកម្លាំងរមួល ២៨.៩ ញូតុនម៉ែត្រ (Nm)៕













