
ក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្តអគ្គិសនីកំពូល (supercar) ម៉ូឌែល Yangwang U9 Xtreme របស់ខ្លួន ត្រូវបានលក់ក្នុងតម្លៃជាង ២ ៧៦០ ០០០ ដុល្លារ នៅក្នុងកម្មវិធីពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ ២០២៦ ដែលធ្វើឲ្យវាក្លាយជាប្រតិបត្តិការលក់ មានតម្លៃខ្ពស់បំផុតដែលត្រូវបានកត់ត្រានៅក្នុងព្រឹត្តិការណ៍នេះ យោងតាមសម្តីរបស់លោក Li Yunfei ថ្នាក់ដឹកនាំម្នាក់របស់ក្រុមហ៊ុន។
ផ្អែកលើតម្លៃដែលបានបង្ហាញនេះ វាក៏បានក្លាយជារថយន្តផលិតសម្រាប់លក់ មានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន BYD គិតមកទល់បច្ចុប្បន្នផងដែរ។ លោក Li Yunfei អគ្គនាយកផ្នែកម៉ាកយីហោ និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន BYD Group បានថ្លែងថា រថយន្ដ Yangwang U9 Xtreme គឺជាម៉ូឌែលរថយន្ដមានតម្លៃថ្លៃបំផុតដែលត្រូវបានលក់ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍រថយន្ដនេះ។ រថយន្តនេះត្រូវបានផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ៣០ គ្រឿង ប៉ុណ្ណោះ។ អ្វីកាន់តែពិសេសរថយន្ដនេះត្រូវបានប្រគល់ជូនអតិថិជន ដោយមានលោក Wang Chuanfu ប្រធានក្រុមហ៊ុន BYD ផ្ទាល់ ជាអ្នកប្រគល់រថយន្តដោយផ្ទាល់ដៃ។
រថយន្ត U9 Xtreme បង្កើតកំណត់ត្រាពេលវេលារត់ក្នុងមួយជុំនៃទីលាន Nürburgring Nordschleife ប្រើពេលត្រឹមតែ ៦:៥៩.១៥៧ ធ្វើឲ្យវាស្ថិតនៅលំដាប់កំពូលក្នុងចំណោមប្រភេទរថយន្តអគ្គិសនីផលិតសម្រាប់លក់។ បន្ថែមពីនេះ Yangwang U9 Xtreme ក៏បានបង្កើតកំណត់ត្រាពេលវេលារត់ក្នុងមួយជុំនៅតាមទីលានប្រណាំងជាច្រើនក្នុងប្រទេសចិន រួមមានទីលាន Zhuzhou, Zhuhai, Chengdu Tianfu និង Shanghai ផងដែរ។
លក្ខណៈបច្ចេកទេសពិសេសរបស់រថយន្ដនេះមាកម្លាំងរហូតដល់ ៣ ០០០ សេះ បំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាសាកថ្ម 1200V ប្រព័ន្ធបូមសកម្មពេញលេញ DiSus-X របស់ BYD និងប្រើប្រាស់ថាសហ្វ្រាំងប្រភេទ Carbon-ceramic ផងដែរ។
នៅក្នុងកម្មវិធីពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ ២០២៦ ម៉ាកយីហោ Yangwang របស់ក្រុមហ៊ុន BYD បានដាក់បង្ហាញទាំងម៉ូឌែល U9 Xtreme និង U8L ដែលជារថយន្ត SUV ដ៏ប្រណីតប្រភេទ ៤ កៅអី ស្ថិតក្នុងផ្នែកលំដាប់ខ្ពស់បំផុត។ រថយន្ត U8L ត្រូវបានរំពឹងថានឹងក្លាយជាគូប្រជែងជាមួយម៉ូឌែលនានាដូចជា Mercedes-Maybach GLS 600 ខណៈដែលរបាយការណ៍មុនៗបានបង្ហាញថា តម្លៃរបស់វាអាចនឹងលើសពី ១៧៩ ៤០០ ដុល្លារ។
ការដាក់បង្ហាញម៉ូឌែលទាំងពីរនេះ ឆ្លុះបញ្ចាំងពីការកំណត់ទីតាំងរបស់ម៉ាក Yangwang ទៅលើទាំងផ្នែកសមត្ថភាពល្បឿននិងផ្នែកប្រណីតភាព នៅក្នុងចំណោមខ្សែស្រឡាយផលិតផលរបស់ក្រុមហ៊ុន BYD។ យោងតាមទិន្នន័យពី China EV DataTracker ម៉ាកយីហោ Yangwang ត្រូវបានរាយការណ៍អំពីតួលេខនៃការលក់ក្នុងស្រុកបានចំនួន ៩៤៥ គ្រឿង ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ដែលកើនឡើង ៨០.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កាលនោះលក់បានចំនួន ៥២៤ គ្រឿង ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ចំនួនលក់ប្រចាំត្រីមាសបានធ្លាក់ចុះ ៥៨.០% បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៥ ដែលកាលនោះកត់ត្រាបានចំនួន ២ ២៤៨ គ្រឿង៕


















