
បន្ទាប់ពីលេចឮជាច្រើនដងនៅលើបណ្តាញផ្សព្វផ្សាយ ពេលនេះ ក្រុមហ៊ុន Zeekr បានប្រកាសឲដឹងហើយថា រថយន្តសេរ៊ីថ្មីរបស់ពួកគេគឺម៉ូដែល Zeekr 9x នឹងប្រកាសចេញនៅដើមខែកក្កដាខាងមុខនេះហើយ ហើយនឹងប្រកាសចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៥ នេះ ជាមួយតម្លៃលក់ចន្លោះពី ៧មុឺនដុល្លារ ទៅ ១៤មុឺនដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ រថយន្ដសេរ៊ីថ្មី Zeekr 9x នេះ គឺមានប្រវែងសរុបដល់ទៅ ៥,២ម៉ែត្រ ឯណ្ណោះ ហើយដំណើរការដោយបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Zeekr ផ្ទាល់ ដែលរួមបញ្ជូលនូវម៉ាសុីនចំណុះ ២លីត្រ ផលិតកម្លាំងបាន ២៧៥សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ ដែលម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន ៣៨៩សេះ ហើយម៉ូទ័រខាងក្រោយផលិតកម្លាំងបាន ៤៩៦សេះ ផ្គួបជាមួយអាគុយប្រភេទ Freevoy របស់ CATL អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ៣៨០ គីឡូម៉ែត្រ និងគាំទ្រការសាកល្បឿនលឿន (6C) ដែលអាចសាកបានពេញត្រឹមតែ ១០ នាទី ប៉ុណ្ណោះ។
លើសពីនេះ រថយន្តនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការបើកបរដ៏ទំនើប G-Pilot H9 ដែលប្រើប្រាស់នូវឧបករណ៍ LiDAR ចំនួន ៥ទីតាំង និងកាមេរ៉ា ១៣ទីតាំង ដែលដំណើរការដោយបន្ទះឈីប Nvidia Drive Thor ក៏ដូចជាប្រព័ន្ធបូមខ្យល់ចំនួន ២ ក៏ដូចជាប្រព័ន្ធ dual-valve continuous damping system ផងដែរ។
ចំពោះការរចនាផ្នែកខាងក្នុង និងខាងក្រៅវិញ Zeekr 9X នឹងទទួលបាននូវអេក្រង់ទំហំ ៣០ អ៊ីញ កម្រិត 6K ថាសកង់ទំហំ ២២ អ៊ីញ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាប្រព័ន្ធ ADAS និងមុខងារដ៏ឆ្លាតវៃជាច្រើនទៀតផងដែរ៕