ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោម Geely Group បានប្រកាសថា ពួកគេនឹងបញ្ចេញរថយន្តថ្មីចំនួន ២ម៉ូឌែល ដែលជារថយន្តប្រភេទ Plug-in Hybrid នៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីឆ្លើយតបទៅនឹងទិសដៅផ្សារថ្មីនៅក្នុងប្រទេសចិន។ ចំពោះការចេញលក់នឹងធ្វើឡើងនៅក្នុងត្រីមាសទី ៣ និងទី ៤ ។
ក្នុងនោះ រថយន្តថ្មីទាំង ២ម៉ូឌែល នេះ នឹងប្រើប្រាស់នូវប្រព័ន្ធ Super Hybrid ដែលត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពស៊ីប្រេង និងផ្តល់បទពិសោធន៍ដូចរថយន្តអគ្គិសនីសុទ្ធ។ លើសពីនេះ ក្រុមហ៊ុន Zeekr នឹងដាក់បង្ហាញចេញរថយន្តទាំង ២ម៉ូឌែល នេះ នៅក្នុង Shanghai Auto Show ក្នុងខែមេសា។
សម្រាប់គោលដៅរបស់ក្រុមហ៊ុន Zeekr សម្រាប់ឆ្នាំ២០២៥ គឺចែកចាយរថយន្ត ៣២០ ០០០ គ្រឿង ដែលតំណាងឱ្យការកើនឡើងប្រមាណ ១០០ ០០០ គ្រឿង ពីឆ្នាំ២០២៤។ គួរឲដឹងថា ទីផ្សារនៃការលក់រថយន្ត PHEV កំពុងតែមានការកើនឡើងដល់ ៨៦,៤ភាគរយ នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៤ (ចន្លោះខែមករា-វិច្ឆិកា) ដែលបង្ហាញពីការផ្លាស់ប្តូរចំណូលចិត្តរបស់អតិថិជន ទើបធ្វើឲក្រុមហ៊ុន Zeekr សម្រេចបញ្ជេញរថយន្ត PHEV ជាលើកដំបូងរបស់ពួកគេ៕