
រថយន្ដ Zeekr 7X ត្រៀមដឹកជញ្ជូនដល់ទីផ្សារទ្វីបអឺរ៉ុប បន្ទាប់ពីម៉ូឌែលនេះបានបង្ហាញខ្លួនកាលពីខែធ្នូឆ្នាំមុន។ Zeekr 7X ពណ៌ប្រផេះ (Privilege) ដំបូងគេនឹងត្រូវបង្ហាញខ្លួន នៅអឺរ៉ុបនាពេលខាងមុខនេះ នៅក្នុងទីក្រុង Bergen ប្រទេសន័រវេស នេះបើយោងតាមការប្រកាសរបស់អ្នកផលិតរថយន្តអគ្គិសនីរបស់ចិន។
កាលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ Zeekr 7X បានបើកការបញ្ជាទិញទុកមុន នៅក្នុងប្រទេសហូឡង់ ស៊ុយអែត និងន័រវេស ដោយរំពឹងថានឹងមានការដឹកជញ្ជូនដល់អតិថិជនដំបូងនៅរដូវក្តៅឆ្នាំ 2025។
តម្លៃ Zeekr 7X នៅទីផ្សារអឺរ៉ុប៖
- Premium RWD Experience តម្លៃ ៥៩ ៥៨៥ ដុល្លារ
- Long Range RWD Drive តម្លៃ ៦២ ៩៥៩ ដុល្លារ
- Performance AWD More Performance តម្លៃ ៧០ ៨៣០ ដុល្លារ
ក្រុមហ៊ុន Zeekr បានបញ្ជាក់ថាម៉ូឌែល 7X ដែលដាក់លក់នៅអឺរ៉ុបមាន៣ជម្រើសផ្សេងគ្នាក្នុងនោះមានជម្រើស Premium, Long Range, និង Performance ។ រថយន្ដនេះបំពាក់មកជាមួយជម្រើសអាគុយទំហំ 75kWh (Golden) អាចបើកបរបានចម្ងាយ ៦០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និង 100kWh (Kirin) អាចបើកបរបានចម្ងាយ ៧០៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ចំពោះកម្រិតសមត្ថភាពវិញ Zeekr 7X ប្រើប្រាស់បុងមួយ (RWD) ដំណើរការដោយ ម៉ូទ័រអគ្គសិនីចំនួនមួយ អាចផលិតកម្លាំងបាន ៤១៦សេះ កម្លាំងបង្វិល ៤៤០ញូតុនម៉ែត្រ ខណៈម៉ូឌែល ប្រើប្រាស់បុង ២ (AWD) ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៦៣៧សេះ កម្លាំងបង្វិល ៧១០ញូតុនម៉ែត្រ ។ Zeekr 7X មានប្រវែងតួខ្លួនសរុប ៤ ៨២៥មម ទទឹង ១ ៩៣០មម កម្ពស់ ១ ៦៥៦មម ប្រវែអគម្លាតកង់មុខក្រោយ ២ ៩២៥មម និងមានទម្ងន់ ២ ៤៧៥គីឡូក្រាម៕