Zeekr X ស៊េរីឆ្នាំ២០២៥ ចេញលក់នៅចិនជាមួយតម្លៃថ្មីខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃថ្មីរបស់រថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥  ប្រភេទរថយន្ត SUV ៤ និង ៥ កៅអី ជាមួយតម្លៃលក់ចាប់ពី ២១ ០៥០ ដុុល្លារ ដល់ ២៧ ៩៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កម្ពស់ ១ ៥៧២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៧ រួមមាន ពណ៌ទឹកក្រូច (បន្ថែមថ្មី) ពណ៌ត្នោតខ្ចី ពណ៌បៃតង ពណ៌ប្រផេះ ពណ៌ស្វាយ ពណ៌ប្រាក់ និងពណ៌ស ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ អ៊ីញ​ និងដៃទ្វារអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកម៉ាសុីនវិញរថយន្តនេះទទួលបាន ២ជម្រើស រួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៩ និង ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤២០ ទៅ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥១២ ទៅ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី។

សម្រាប់នៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​, អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ និងអេក្រង់លើកញ្ជក់ head up display ទំហំ ២៤,៣ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ផែនទី 3D, ទូរទឹកកកទំហំ ៥,៧ លីត្រ, ឧបករណ៍បំពងសំឡេង Yamaha ចំនួន ១៣ គ្រាប់, មុខងារសម្គាល់មុខ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម