[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ដែលមានតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៣១ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន។
Zeekr X មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កំពស់ ១ ៥៧២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ជាមួយការបំពាក់នៅប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងដៃទ្វារប្រភេទ Flash-door ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ដែលរួមមានសេនស័រ ៣១ ទីតាំង រួមទាំងកាម៉េរា ១២ ទីតាំង និង ultrasonic radar ១២ ទីតាំងផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ព្រមទាំងមានកន្លែងដាក់ដបទឹក មានមុខងារត្រជាក់ និងកំដៅទៀតផង ។
ចូលមកកាន់ផ្នែកថាមពល រថយន្តអគ្គីសនីនេះ ផ្តល់ជូននៅជម្រើស ២ ប្រភេទរួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤២២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង