កម្ពុជា នឹងមានរោងចក្រដំឡើងរថយន្ត Jetour មួយទៀត ខណៈ BYD ទើបសង់រោងចក្រនៅកំពង់សោមរួច

កម្ពុជា បាននឹងកំពុងក្លាយ​ជាទីតាំងដ៏មានសក្តានុពលក្នុងការវិនិយោគ​លើការបង្កើតរោងចក្រដំឡើងរថយន្ត ពោលគឺបច្ចុប្បន្ននេះ មានរោងចក្រផលិត និងដំឡើងរថយន្តជាច្រើនហើយបាននឹងកំពុងដំណើរការ និងមានរោងចក្រខ្លះកំពុងស្ថិតក្នុងការសាងសង់ ហើយថ្មីៗនេះក៏មានស្នើសុំ​បង្កើតរោងចក្រដំឡើងរថយន្តមួយទៀតម៉ាក Jetour ផងដែរ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យពិភាក្សា​លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ចំនួន ១៣គម្រោង ដែលមានទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី។ ក្នុងនោះ គឺមានគម្រោង​រោងចក្រផ្គុំដំឡើងរថយន្ត Jetour របស់ក្រុមហ៊ុន KNN AUTOMOTIVE CO., LTD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលរថយន្ត Jetour ដែលនឹងត្រូវដំឡើងនៅកម្ពុជានោះរួមមាន៖ Jetour X50, Jetour Dashing (Premium & ECO), Jetour X70 (Plus & ECO), Jetour T2 និង Jetour T1។

គួរដឹងដែរថា រថយន្ត JETOUR ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chery Holding ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៧ ដែលគេស្គាល់ថាជាក្រុមហ៊ុនយក្សរទាំង៥ របស់ប្រទេសចិន មានប៉ាតង់បច្ចេកវិទ្យាដល់ទៅ ២៥០០០មុខ ជំនាញខាងផលិតរថយន្ត និងម៉ាស៊ីន។

សូមរំលឹកថា ក្រុមហ៊ុន JETOUR AUTO បានផ្តល់សិទ្ធឲ្យក្រុមហ៊ុន KNN CAMBODIA លើការនំាចូលនិង ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ក្នុងទីក្រុងអានហ៊ួយ ប្រទេសចិន។

គួរកត់សម្គាល់ដែរថា រោងចក្រ​ដំឡើងរថយន្ត BYD ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទើបតែត្រូវបានសាងសង់រួចរាល់។ រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ។

ជាមួយគ្នានេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្ត GAC និង Chevrolet ដែលកំពុងសាងសង់នៅខេត្តកំពង់ឆ្នាំងផងដែរ គ្រោងប្រតិបត្តិការនៅក្នុងអំឡុងឆ្នាំ២០២៦ខាងមុខនេះ។ ក្នុងនោះ រថយន្ត GAC នឹងអាចដំឡើងបានដល់ ១៥០០០គ្រឿងក្នុង១ឆ្នាំ និងរថយន្ត Chevrolet អាចចន្លោះពី ១០០០០ ទៅ ១៥០០០គ្រឿងក្នុងឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម