រថយន្ត Ford F-150 Lightning កំពុងតែទទួលបានភាពជោគជ័យខ្លាំង ខណៈដែលក្រុមហុ៊នបានទទួលការកក់ទុកជិត ២០០,០០០ គ្រឿងរួចហើយ។
នោះជាចំនួនដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលស្មើរនឹងចំនួននៃផែនការផលិត ៣ឆ្នាំរបស់ Ford ខណៈពេល Ford គ្រោងផលិតត្រឹមចំនួន ១៥,០០០ គ្រឿងនៅឆ្នាំក្រោយ និងកើនឡើងដល់ ៥៥,០០០ គ្រឿងនៅឆ្នាំ២០២៣, ចំនួន ៨០,០០០ គ្រឿងនៅឆ្នាំ២០២៤ និង ១៥០,០០០ គ្រឿងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
ជាមួយចំនួននេះ ក្រុមហ៊ុន Ford បានផ្អាកទទួលការកក់ថ្មី ហើយ សម្រាប់អតិថិជនដែលកំពុងស្វែងរកការកក់ទុករថយន្ត ឥឡូវនេះ Ford បានផ្តល់សារទៅកាន់អតិថិជនរបស់ខ្លួនថា៖ ខណៈពេលដែលយើងរៀបចំបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា យើងបានបិទការកក់ទុក ដូច្នេះយើងអាចចាប់ផ្តើមទទួលយកការបញ្ជាទិញ ជាមួយតួរលេខជាក់លាក់ចុងក្រោយផងដែរ។
រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៩ ៩៧៤ ដុល្លារ។ ហើយអតិថិជនអាចជ្រើសរើសប្រភេទ Standard Range និង Extended Range ដែលមានចម្ងាយប៉ាន់ស្មាន ៣៧០ គីឡូម៉ែត្រ និង ៤៨៣ គីឡូម៉ែត្រ ។
ម៉ូដែលប្រភេទ Standard Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលរួមបញ្ចូលគ្នាមានកម្លាំង ៤២៦ សេះ និង ១០៥០ ញ៉ូតុនម៉ែត្រ សម្រាប់ប្រភេទ Extended Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដូចគ្នា អាចបង្កើតកម្លាំងបាន ៥៦៣ សេះ និងកម្លាំងរមួល ១០៥០ ញ៉ូតុនម៉ែត្រ៕