[ទីផ្សារបរទេស] កម្មវិធីតាំងបង្ហាញរថយន្តអន្តរជាតិទីក្រុងហ្សឺណែវ ត្រូវបានរំសាយចោលជាថ្មីលើកទីបួន ប៉ុន្តែនឹងមានការរៀបចំកម្មវិធីតាំងបង្ហាញរថយន្តផ្ដាច់មុខនៅឯទីក្រុងដូហា ប្រទេសកាតា ក្នុងឆ្នាំ២០២៣។
ដើមឡើយអ្នករៀបចំកម្មវិធីមានគម្រោងថានឹងរៀបចំការតាំងបង្ហាញនៅឯប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលកម្មវិធី Geneva International Motor Show Qatar នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣។ ប៉ុន្តែពេលនេះមានតែកម្មវិធី Geneva International Motor Show Qatar ប៉ុណ្ណោះ ដែលសម្រេចថានឹងធ្វើឡើង។
ការរំសាយចោលការតាំងបង្ហាញរថយន្តដ៏ធំនេះ ក៏ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក រួមទាំងបញ្ហាភូមិសាស្ត្រនយោបាយ ក៏ដូចជាហានិភ័យទាក់ទងនឹងការផ្ទុះជំងឺរាតត្បាតផងដែរ។ ដូចនេះអ្នករៀបចំកម្មវិធីបានសម្រេចថាផ្ដោតសំខាន់តែលើកម្មវិធីនៅទីក្រុងដូហាប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣។
ការរំសាយចោលនេះដែរគឺជាការរំសាយចោលឆ្នាំទីបួនហើយសម្រាប់ការតាំងបង្ហាញរថយន្តនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំណែកកម្មវិធី Geneva International Motor Show Qatar នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៌ក្រុងដូហា ដោយកម្មវិធីនេះគ្រោងប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្ដង៕