ដោយសារតែការផ្ទុះនូវជំងឺកូវីដ១៩កំពុងបន្តកើតមាននោះ អ្នករៀបចំកម្មវិធី Bangkok International Motor Show បានលើកពេលកម្មវិធីជាលើកទីបី ពោលត្រូវលើកដល់ខែកក្កដាខាងមុខ។
នេះគឺជាការលើកពេលលើកទីបី ដោយការកំណត់ចុងក្រោយនេះគឺកម្មវិធីនឹងធ្វើឡើងនាថ្ងៃទី ១៥ ដល់ ២៦ ខែកក្កដា។ ដំបូងឡើយកម្មវិធីនេះត្រូវប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែមេសា ដល់ ៣ ឧសភា បន្ទាប់មកទើបលើកទៅថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ឧសភាវិញ។
បញ្ហាជំងឺកូវីដ១៩កំពុងស្ថិតក្នុងស្ថានភាពលំបាកមួយនៅប្រទេសថៃ ដោយរដ្ឋាភិបាលសម្រេចបន្តការចាត់វិធានការគម្លាតសង្គម និងរឹតត្បិតការធ្វើដំណើររយៈពេល ១ ខែទៀត រហូតដល់ដំណាច់ខែឧសភា។
មិនមែនតែកម្មវិធីរថយន្តនៅថៃនោះ កម្មវិធីរថយន្តធំៗជាច្រើនទៀតនៅទូទាំងពិភពលោកមានឈានដល់ការរំសាយចោល និងមានខ្លះត្រូវលើកពេលដោយមិនមានបញ្ជាក់ថ្ងៃ ដូចជា Beijing Auto Show (ចិន), Geneva Motor Show (ស្វីស) និង New York Auto Show (សហរដ្ឋអាមេរិក)៕