ការនាំចេញឡានអគ្គិសនីរបស់ចិននៅខែតុលា កើនឡើងជិត ១០០ភាគរយ បើធៀបទៅនឹងរយ:ពេលដូចគ្នានៅឆ្នាំមុន

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញថា ការនាំចេញរថយន្តសរុបក្នុងខែតុលាបានឈានដល់ ៦៦៦ ០០០គ្រឿង កើនឡើង ២,១% ពីខែកញ្ញា និង ២២,៩% ពីខែតុលា ឆ្នាំ២០២៤។ ក្នុងនេះរថយន្តថាមពលថ្មី (NEV) ចំនួន ២៥៦ ០០០គ្រឿង ត្រូវបាននាំចេញពីប្រទេសចិន ដែលកើនឡើងចំនួន ១៥,៤% បើធៀបនឹងខែកញ្ញា និងចំនួន ៩៩,៩ភាគរយ បើធៀបទៅនឹងរយ:ពេលដូចគ្នាការពីឆ្នាំ២០២៤។

សម្រាប់រថយន្តដឹកអ្នកដំណើរ (Passenger Car) មានចំនួន ៥៧១ ០០០គ្រឿងក្នុងខែតុលា កើនឡើង ២,១% ធៀបនឹងខែកញ្ញា និងកើនឡើង ២២,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញរថយន្តពាណិជ្ជកម្ម រួមទាំងរថយន្តដឹកទំនិញ និងរថយន្តក្រុងបានឈានដល់ ៩៤ ០០០គ្រឿង កើនឡើង ១,៨% ពីខែកញ្ញា និងកើនឡើង ២៣,៥% ពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបទៅនឹងរយ:ពេលដូចគ្នាការពីឆ្នាំ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញរថយន្ត NEV សរុបបានឈានដល់ ២ ០១៤ ០០០គ្រឿង កើនឡើង ៩០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ផ្ទុយទៅវិញ ការនាំចេញរថយន្តម៉ាស៊ីនចំហេះខាងក្នុងមានការថយចុះ ដោយចំនួនយានយន្តក្នុងខែតុលាបាននាំចេញត្រឹម ៤០៩ ០០០គ្រឿង ធ្លាក់ចុះ ៤,៨០% បើធៀបនឹងខែកញ្ញា និងឆ្នាំមុន។ ហើយក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបនៃរថយន្តម៉ាស៊ីនចំហេះខាងក្នុងឈានដល់ ៣ ៦០១ ០០០គ្រឿង ធ្លាក់ចុះ ៥,១% បើធៀបនឹងឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរថា ពីលើកំណើននៃការនាំចេញ ផលិតកម្ម NEV ក្នុងស្រុកនៅតែមានតម្រូវការខ្លាំង ដោយការលក់ NEV នៅក្នុងខែតុលាមានចំនួសលើសពី ៥០% នៃទីផ្សារក្នុងស្រុកសរុប។ ការរួមបញ្ចូលគ្នានៃផលិតកម្មក្នុងស្រុក និងតម្រូវការអន្តរជាតិដែលកំពុងកើនឡើងបានជួយប្រទេសចិនក្លាយជាអ្នកនាំចេញរថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម