ក្រុមហ៊ុន Toyota ត្រូវបានរាយការណ៍ថា កំពុងប្រើប្រាស់យុទ្ធសាស្រ្តបំបែកទីផ្សារ សម្រាប់រថយន្តចំហេះក្នុង និងរថយន្តអគ្គិសនីសុទ្ធ ពោលគឺមានន័យថា ទីផ្សាររថយន្តទាំងពីរប្រភេទនេះ ត្រូវកំណត់គោលដៅផលិត និងលក់ នៅតាមតំបន់សក្តានុពលផ្សេងពីគ្នា។
សម្រាប់រថយន្តអគ្គិសនី គឺ Toyota ផ្តោតការផលិតនិងលក់នៅក្នុងប្រទេសចិន ដែលជាប្រទេសនាំមុខគេលើរថយន្តប្រភេទនេះ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុកចិនធំៗ ដូចជា GAC, BYD, Momenta និង Huawei ជាដើម ដើម្បីឲ្យរថយន្តកាន់តែមានតម្លៃសមរម្យ និងបំពាក់បច្ចេកវិទ្យាទំនើបៗ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារប្រទេសនេះបាន។ រថយន្តអគ្គិសនី Toyota ដ៏ពេញនិយម ដែលសហការផលិតនៅក្នុងប្រទេសចិន រួមមានដូចជា bZ3X, bZ5 និង bZ7។

ចំណែករថយន្តចំហេះក្នុងវិញ គឺ Toyota បានផ្តោតខ្លាំងជាពិសេសនៅអាមេរិកខាងជើង ដោយសារតំបន់នេះមានភាពយឺតយ៉ាវខ្លាំងលើរថយន្តអគ្គិសនី ហើយមិនតែប៉ុណ្ណោះ ថ្មីៗនេះរដ្ឋបាល ដូណាល់ ត្រាំ ក៏បានដកចេញការលើកទឹកចិត្តផ្សេងៗវិញពី EV ទៀតផង។ អ្វីដែល Toyota បានអភិវឌ្ឍបន្ថែមលើរថយន្តចំហេះក្នុងនោះ គឺការបំពាក់ Hybrid ពោលគឺស្ទើរតែគ្រប់ម៉ូឌែល Toyota ដែលផលិតនៅអាមេរិកទៅហើយ សុទ្ធតែបំពាក់ជាមួយ Hybrid និងខ្លះ Plug-in Hybrid។ ក្រៅពីអាមេរិក Toyota នៅតែបន្តផលិតរថយន្តចំហេះក្នុង នៅតាមតំបន់នានា ដោយរួមមានទាំងតំបន់អាស៊ានផងដែរ។

ការដើរនៅលើផ្លូវយុទ្ធសាស្រ្តបំបែកទីផ្សារបែបនេះ គឺដើម្បីបង្ការនូវភាពមិនប្រាកដប្រជារបស់អនាគតរថយន្តអគ្គិសនីក្នុងពិភពលោក។ ថ្នាក់ដឹកនាំ Toyota បានអះអាងថា តំបន់ផ្សេងគ្នា គឺមានតម្រូវការខុសគ្នាដែរ ហើយកម្រិតនៃការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏មានតិចមានច្រើននៅតាមប្រទេសនីមួយៗផងដែរ ដូច្នេះ បើសម្រុកតែទៅលើរថយន្តអគ្គិសនីសុទ្ធ គឺប្រាកដជាមានហានិភ័យខ្ពស់។ អ៊ីចឹងហើយ មកដល់ពេលនេះ Toyota បានបន្តអភិវឌ្ឍរថយន្តចំហេះក្នុងដោយបំពាក់បច្ចេកវិទ្យាថ្មីៗដែលកាត់បន្ថយការបញ្ចេញផ្សែងបានខ្ពស់ ដូចជា Hybrid និង Plug-in Hybrid ព្រមទាំងរថយន្តអ៊ីដ្រូសែនផងដែរ ជាមួយនឹងរថយន្តអគ្គិសនី៕























