[បរទេស] ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី បានបន្តធ្លាក់ចុះ ដោយសារតែលោក Elon Musk ជាប្រធានក្រុមហ៊ុន បានចូលរួមកាន់តែជ្រៅទៅក្នុងផ្នែកនយោបាយពិភពលោក ។
ក្នុងនោះ បើយោងតាមតួលេខដែលចេញផ្សាយដោយក្រុមប្រឹក្សាយានយន្តអគ្គិសនីបង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២៥ ការលក់ Tesla នៅប្រទេសអូស្ត្រាលីបានចំនួន ៧៣៩ គ្រឿង បានធ្លាក់ចុះ ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលលក់បានចំនួន ១ ១០៧ គ្រឿង ។ លើសពីនេះ Tesla Model 3 បានធ្លាក់ចុះ ៦២% ដោយលក់បានចំនួន ២៧៤ គ្រឿងប៉ុណ្ណោះ ខណៈ Tesla Model Y កើនឡើង ២១% ជាមួយនឹងការលក់ចំនួន ៤៦៥ គ្រឿង ។
គួរឲ្យដឹងថា ការលក់ជាសកលរបស់ Tesla បានធ្លាក់ចុះជាលើកដំបូងរបស់ម៉ាកយីហោនៅក្នុងឆ្នាំ ២០២៤ រួមទាំងបន្តការធ្លាក់ចុះ ១៧% នៅក្នុងប្រទេសអូស្ត្រាលី និងការធ្លាក់ចុះការលក់ក្នុងខែមករាឆ្នាំ ២០២៥ នៅទីផ្សារតំបន់អឺរ៉ុបចំនួន ១៣% ខណៈនៅទីផ្សារសហរដ្ឋអាមេរិក មិនមានទិន្ន័យបង្ហាញ ៕