[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានរាយការណ៍ពីការលក់ចំនួន ៧៨ ២៨១គ្រឿង ក្នុងអំឡុងត្រីមាសទីពីរ លើទីផ្សារសហរដ្ឋអាមេរិក ដែលតួលេខនេះគឺថយចុះ ៣៤% បើធៀបនឹងតួលេខលក់កាលពីឆ្នាំ២០២១។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺរថយន្តអគ្គិសនី Volkswagen ID.4 បានថយចុះរហូតដល់ ៧១% ធៀបនឹងត្រីមាសទីពីរឆ្នាំ២០២១ ដោយចំនួនលក់ដែលទទួលបានគឺមានត្រឹម ១ ៦៦០គ្រឿង ឬស្មើនឹង ១,២% ប៉ុណ្ណោះនៃទំហំលក់ចេញសរុប។
លទ្ធផលលក់របស់ ID.4 គឺជាលទ្ធផលទាបជាងគេមិនធ្លាប់មានចាប់តាំងពីរថយន្តនេះចេញលក់នៅសហរដ្ឋអាមេរិក ខណៈដែលរថយន្តនេះមានទំហំកុម្ម៉ង់ខ្ពស់ ដោយនៅត្រឹមចុងឆ្នាំ២០២១គឺមានការកុម្ម៉ង់ជាង ៤ម៉ឺនគ្រឿងឯណោះ។ បើគិតត្រឹមខែមិថុនានេះ Volkswagen ID.4 អាចលក់ចេញបាន ២១ ១៥៧គ្រឿង។
យ៉ាងណាគេរំពឹងថាលទ្ធផលលក់អាចនឹងល្អប្រសើរវិញនៅចុងឆ្នាំនេះ បន្ទាប់ពីរោងចក្ររបស់ Volkswagen នៅ Zwickau បានប្រតិបត្តិការចំនួនបីវេនឡើងវិញ ខណៈដែលការផលិតនៅ Emden ក៏កំពុងតែបង្កើនចំនួនផលិតផងដែរ៕