[ទីផ្សារបរទេស] ការលក់រថយន្តអគ្គិសនីនៅលើពិភពលោកកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្លា ប៉ុន្តែនៅប្រទេសចិនឯណោះការលក់គឺបានផ្ទុះឡើងតែម្ដងដោយនៅឆ្នាំ២០២២នេះ ប្រទេសចិនរំពឹងថាអាចលក់រថយន្តអគ្គិសនីបានខ្ទង់ ៦លានគ្រឿង។
ការព្យាករណ៍នេះគឺចេញមកពីសមាគមន៍យានយន្តចិន ដែលបានដំឡើងតួលេខពី ៥,៥លានគ្រឿង ឡើងមកដល់ ៦លានគ្រឿង។ ក្នុងខែកក្កដា ចំនួនលក់រថយន្តអគ្គិសនីបានកើនឡើងទ្វេដងដល់ ៤៨៦ ០០០គ្រឿង ដែលធ្វើឲ្យរថយន្តនេះមានចំណែក ២៧% នៃទីផ្សាររថយន្តថ្មី។
បញ្ជាក់ថាអគ្គិសនីត្រង់នេះគឺមិនមែនសម្ដៅតែលើរថយន្តអគ្គិសនីសុទ្ធនោះទេ ប៉ុន្តែក៏រាប់បញ្ចូលរថយន្ត PHEV និងរថយន្តប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនជាដើម។
រំលឹកទៅកាលពីឆ្នាំ២០២១ ចំនួនរថយន្តអគ្គិសនីដែលលក់ចេញនៅប្រទេសចិនគឺមានត្រឹម ២,៩៩លានគ្រឿងប៉ុណ្ណោះ ដែលមានន័យថាចំនួនលក់នៅឆ្នាំ២០២២នេះនឹងមានការកើនឡើង ១០០%។ ដោយឡែកសារព័ត៌មាន Bloomberg បានសរសេរថាចំនួនព្យាករណ៍នេះអាចបន្តកើនឡើងនៅការចាប់ផ្ដើមនៃត្រីមាសទីបួននៃឆ្នាំ២០២២នេះ៕