ក្រុមហ៊ុន Lexus ទើបតែបានបញ្ចេញវីដេអូផ្សព្វផ្សាយថ្មីមួយទៀត ពីរថយន្តអគ្គិសនី RZ 450e ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះតែម្តង។
រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Lexus RZ 450e គឺជារថយន្តដែលមានភាពប្រណីតជាង Toyota bZ4X និង Subaru Solterra ហើយវីដេអូដែល Lexus បញ្ចេញនោះ ក៏បានបង្ហាញឲ្យឃើញពីដំណើរការក្នុងអំឡុងពេលអភិវឌ្ឍ និងធ្វើតេស្តរបស់វាផងដែរ។
អ្វីដែលពិសេសនោះគឺ វីដេអូខាងលើបានបញ្ជាក់ថា រថយន្ត Lexus RZ 450e នឹងប្រើដៃចង្កូតប្រភេទ yoke steering wheel ស្រដៀងទៅនឹងរថយន្ត Toyota bZ4X និង Tesla Model S ដែរ។ មិនតែប៉ុណ្ណោះ RZ 450e ក៏បានបំពាក់អេក្រង់កម្សាន្ត Touchscreen ថ្មី ប្រសើរជាងលើរថយន្ត Toyota bZ4X និង Subaru Solterra ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ថាមពលរបស់ Lexus RZ 450e ត្រូវបានគេរំពឹងថា នឹងយកពីរថយន្ត Toyota bZ4X ដែលមានបំពាក់កញ្ចប់អាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២០១សេះ និងចម្ងាយបើកបរ ៤០៦គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ជាមួយគ្នានេះដែរ វាក៏ទំនងអាចមានជម្រើសកញ្ចប់អាគុយទំហំ ៧២,៨គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២១៤សេះ និងចម្ងាយបើកបរ ៣៦៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
យ៉ាងណាមិញ ចំពោះតម្លៃ និងពេលចេញលក់ជាផ្លូវការសម្រាប់ Lexus RZ 450e ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃទី២០ ខែមេសា នេះផងដែរ៕