ក្រុមហ៊ុន Jaguar បានសម្រាកពីការប្រកាសចេញផលិតផលរថយន្តថ្មីរហូតដល់ឆ្នាំ២០២៥ ហើយអំឡុងពេលនេះក្រុមហ៊ុននឹងផ្ដោតទៅលើការខិតខំបង្កើតរថយន្តអគ្គិសនីថ្មីជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ Le Monde។
យុទ្ធសាស្ត្រ “Reimagine” របស់ Jaguar ដែលបានប្រកាសចេញកាលពីដើមឆ្នាំនេះ ក្រុមហ៊ុននឹងព្យាយាមផ្លាស់ប្ដូរទៅកាន់ក្រុមហ៊ុនរថយន្តអគ្គិសនី និងព្យាយាមបង្កើនកម្រិតរបស់ខ្លួនផងដែរ។ នោះមានន័យថា Jaguar លែងចាប់អារម្មណ៍នឹងប្រកួតប្រជែងជាមួយគូប្រជែង Audi, BMW ឬ Mercedes អីទៀតហើយ ដោយចង់ប្រកួតប្រជែងជាមួយ Bentley ឬ Rolls-Royce វិញម្ដង។
រហូតដល់ការផ្លាស់ប្ដូរចេញជារូបរាង ក្រុមហ៊ុន Jaguar នឹងត្រូវពឹងផ្អែកលើសែស្រឡាយរថយន្តដែលខ្លួនមាននាពេលបច្ចុប្បន្ន ដោយនឹងមានការអាប់ដេតខ្លះៗទៅលើម៉ាស៊ីន ក៏ដូចជាគ្រឿងបរិក្ខារសម្រាប់ស៊េរីឆ្នាំនីមួយៗ។
Le Monde បានចុះផ្សាយថាក្នុងអំឡុងពេល៣ឆ្នាំតទៅមុខទៀតនេះ នឹងមិនមានការបិទរោងចក្រណាឡើយ ប៉ុន្តែកម្លាំងពលកម្មប្រហែលជាត្រូវបង្រួម។ មកទល់ពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបពី Jaguar ជុំវិញដំណឹងនេះនៅឡើយទេ៕