ដូចគ្រប់គ្នាធ្លាប់ដឹងហើយថាក្រុមហ៊ុន Jaguar Land Rover បានផលិតរថយន្តម៉ូឌែលថ្មីៗជាច្រើន ហើយនេះក៏មិនមែនជាលើកដំបូងដែរយើងលឺអំពីពាក្យចចាមរ៉ាមដែល ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសមួយនេះ គ្រោងនិងផលិតរថយន្តប្រភេទ SUVថ្មី ដែលជា Baby Defender មានន័យថាជាកូនរបស់ Defender។
បើតាមរយ:គេហទំព័រ WhatCar បានរាយការណ៍ថា រថយន្តប្រភេទ SUV ថ្មី ដែលជា Baby Defender នេះ ប្រហែលជាបង្ហាញវត្តមាននៅរយ:ពេលពីរឆ្នាំទៀត ដោយបញ្ចេញជាផ្លូវការនូវប្រភេទ ប៉ុងមួយ(FWD) ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង និង Plug-in hybrid ប្រភេទ ប៉ុងពីរ។ ហើយប្រភេទ Baby Defenderនេះ វាមានប្រវែងខ្លី និងមានតម្លៃថោកជាងម៉ូឌែល Defender ធម្មតា។
ស្របពេលតម្លៃរបស់រថយន្ត Defender មានតម្លៃប្រហែល ៥១ ៨០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកំណើតខ្លួន ដូចនេះសម្រាប់ Baby Defender គេរំពឹងថានឹងមានតម្លៃប្រហែល ៣២ ៤០០ដុល្លារ។ ប្រសិនជាការពិតនោះ មានន័យថា វាមានតម្លៃថោកជាងរថយន្ត Discovery Sport ដែលមានតម្លៃប្រហែល ៤១ ៥០០ដុល្លារ។
សម្រាប់ឈ្មោះផ្លូវការរបស់ម៉ូឌែលថ្មីនេះ គឺពុំទាន់ដឹងនៅឡើយទេ ប៉ុន្តែតាមការរាយការណ៍របស់ WhatCar វាប្រហែលនឹងមានឈ្មោះដូច Land Rover 80 និង Land Rover Defender 80៕