រថយន្តខ្នាតតូចតម្លៃធូរម៉ូដែល Dacia Sandero បានក្លាយជារថយន្តលក់ដាច់ជាងគេនៅតំបន់អឺរ៉ុបប្រចាំខែកក្កដា ដែលបានដណ្ដើមតំណែងនេះពីរថយន្ត Volkswagen Golf។
ទីផ្សាររថយន្តអឺរ៉ុបបានធ្លាក់ចុះ ២៤% កាលពីខែកក្កដា ជាមួយចំនួនលក់ចេញសរុប ៩៦៧ ៨៣០គ្រឿង បន្ទាប់ពីបានកើនឡើងរយៈពេល ៤ខែជាប់ៗគ្នារួចមក។ ក្នុងនោះរថយន្ត Dacia Sandero អាចលក់ចេញបានចំនួន ២០ ៤៤៦គ្រឿង ជារថយន្តលក់ដាច់ជាងគេ តាមពីក្រោយដោយ Volkswagen Golf ជាមួយចំនួនលក់ ១៩ ៤២៥គ្រឿង។
ចំណាត់ថ្នាក់បន្តបន្ទាប់រួមមានរថយន្ត Toyota Yaris លក់ចេញបាន ១៨ ៨៥៨គ្រឿង, រថយន្ត VW Polo លក់ចេញបាន ១៧ ៣៤៣គ្រឿង និងរថយន្ត VW T-Roc លក់ចេញបាន ១៦ ៤៩៤គ្រឿងស្ថិតនៅចំណាត់ថ្នាក់លេខ៥។
យ៉ាងណាក្ដី បើនិយាយពីរថយន្តអគ្គិសនីសុទ្ធ Volkswagen នៅតែជាជើងឯកជាមួយរថយន្ត ID.3 ដែលលក់ចេញបាន ៥ ៤៣៣គ្រឿង ខណៈលើផ្នែករថយន្ត PHEV កាន់កាប់តំណែងជើងឯកដោយរថយន្ត Ford Kuga ដែលលក់បាន ៤ ២៤៧គ្រឿង៕