កូនឡានអគ្គិសនី Jeep បង្ហាញរូបរាងជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Jeep បានបោះជំហានជាមួយ​ផែនការរថយន្តអគ្គិសនីរបស់ខ្លួន ដោយ​បាន​ប្រកាស​អំពី​រថយន្ត​អគ្គិសនីថ្មីចំនួនបួនម៉ូដែល ដែលរថយន្តដំបូង​គេ​គឺជា​រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល Avenger SUV ដែល​នឹង​ដាក់​លក់​នៅ​អឺរ៉ុប​នៅឆ្នាំក្រោយ។

រថយន្ត Avenger SUV គឺជារថយន្តអគ្គិសនី Off-Road ដំបូងគេក្នុង​ចំណោម​រថយន្ត​ដែល​ប្រើប្រាស់​គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុន Stellantis ឈ្មោះថា STLA ហើយរថយន្តនេះនឹងបង្ហាញរូបរាងពេញលេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុង​ប៉ារីស​នៅ​ខែ​តុលា​ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា Jeep បានប្ដេជ្ញា​ធ្វើយ៉ាងណាឲ្យ ៥០% នៃរថយន្តដែលលក់នៅសហរដ្ឋអាមេរិក គឺជារថយន្តអគ្គិសនី ដោយចង់​សម្រេច​ឲ្យបាននៅឆ្នាំ២០៣០ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប ក្រុមហ៊ុនបានដាក់គោលដៅសម្រេចឲ្យបាន ១០០% ជាមួយរថយន្តម៉ូដែល Avenger ជា​តួឯក។

រថយន្ត Avenger នេះនឹងត្រូវផលិតនៅ​ឯរោងចក្រ Tychy ក្នុងប្រទេសប៉ូឡូញ ជាមួយរថយន្ត​ SUV ថ្មីរបស់​ម៉ាក Alfa Romeo និងម៉ាក Fiat ហើយរថយន្តនេះនឹង​ដាក់បញ្ចូលក្នុង​សែស្រឡាយរថយន្ត Jeep នៅអឺរ៉ុប នៅពីក្រោម​រថយន្ត Renegade។

ការចុះផ្សាយរបស់ Autocar បានឲ្យដឹងថា Avenger នឹងមានជម្រើសប្រព័ន្ធ​បើកបរប៉ុងមួយ ឬប៉ុងពីរ អាស្រ័យ​តាមការ​ជ្រើស​រើស​របស់អតិថិជន ថាជ្រើសយកប្រភេទប្រើម៉ូទ័រអគ្គិសនីមួយ ឬប្រភេទប្រើម៉ូទ័រពីរ ហើយរថយន្តនេះក៏នឹងមានជាប្រភេទ Hybrid ផងដែរ។

Jeep មិនបានបង្ហាញអំពីតម្លៃរបស់ Avenger នៅឡើយទេ ប៉ុន្តែអតិថិជននៅអឺរ៉ុប នឹងអាចកុម្ម៉ង់រថយន្តនេះបានចាប់ពីថ្ងៃទី១៧ ខែ​តុលា ពេលដែលរថយន្តនេះបង្ហាញវត្តមាននៅទីក្រុងប៉ារីស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម