កូនឡានអគ្គិសនីរូបរាងតូចខ្លាំង ប៉ុន្តែជិះបានគ្នា ៤នាក់

កាល​ពី​ដើម​សប្ដាហ៍​ក្រុមហ៊ុន​​ SAIC-GM-Wuling ​(ក្រុមហ៊ុន​បី​សហការ​គ្នា) បាន​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ម៉ាក​ Wuling ដែល​ជា​ម៉ូដែល Hongguang Mini EV។

រថយន្ត​អគ្គិសនី​នេះ​មាន​ប្រវែង​ត្រឹម ២៩១៧ ម.ម, ទទឹង​ ១៤៩៣ ម.ម, កម្ពស់​ ១៦២១ ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​មាន​ ១៩៤០ ម.ម។ ត្បិត​ថា​រូបរាង​តូច​មែន ប៉ុន្តែ​វា​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​បួន​នាក់ ហើយ​ Wuling បាន​ពណ៌នា​ថា​ផ្នែក​ខាង​ក្នុង​មាន​ទំហំ​ទូលាយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។ ​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាម​រូបភាព​បាន​បង្ហាញ​ថា​​គេ​បាន​បំពាក់​កៅអី​អង្គុយ​ជួរ​ទី​ពីរ​នៅ​ទីតាំង​ដែល​ត្រូវ​ជា​កន្លែង​ដាក់​ឥវ៉ាន់។ ដូច​នេះ​រថយន្ត​ Mini EV នេះ​អាច​សម្រាប់​ដឹក​មនុស្ស​បាន​បួន​នាក់​ដោយ​មិន​មាន​​ឥវ៉ាន់​ ឬ​ដឹក​មនុស្ស​ពីរ​នាក់​ដោយ​មាន​ឥវ៉ាន់។

ក្រុមហ៊ុន​មិន​បាន​ប្រាប់​អំពី​​លក្ខណៈ​សម្បត្តិ​គ្រឿង​ម៉ាស៊ីន​នោះ​ទេ ប៉ុន្តែ​វិបសាយ Carnewschina អះអាង​ថា​វា​មាន​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ២៧ សេះ ដែល​បាន​ថាមពល​ពី​អាគុយ​ទំហំ ១៣,៨២ គីឡូវ៉ាត់​ម៉ោង និង​មាន​ល្បឿន​អតិបរមា​ ១០០ គ.ម/ម៉។

រថយន្ត​រាង​ដូច​ប្រអប់​មួយ​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​​នៅ​ក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២០៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម