កូរ៉េខាងត្បូងចូលចិត្ត Tesla ខ្លាំង ឥឡូវឡាន Model 3 នាំចូលច្រើនជាងគេលំដាប់លេខ២

មិថុនា គឺ​ជា​ខែ​ដ៏​ល្អ​ជាង​គេ​មួយ​សម្រាប់​​ក្រុមហ៊ុន Tesla ដោយ​​នៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​សរុប ២ ៨២៧​គ្រឿង ឡើង​ពី​ការ​ដាំ​ក្បាល​ចុះ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា។

ក្នុង​នោះ​រថយន្ត Model 3 ក្លាយ​ជា​រថយន្ត​នាំ​ចូល​ទៅ​កាន់​កូរ៉េ​ច្រើន​ជាង​គេ​លំដាប់​លេខ​ពីរ នាំ​មុខ​រថយន្ត BMW 5-Series និង​រថយន្ត​ Audi A6 ដោយ​នៅ​ពី​ក្រោយ​តែ​រថយន្ត​ Mercedes-Benz E-Class តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​ប្រភព​អនាមិក​មួយ​បាន​ឲ្យ​ដឹង​ថា​​នៅ​មាន​រថយន្ត​ Model 3 ប្រមាណ ៤ ទៅ ៥​ពាន់​គ្រឿង​ទៀត ដែល​អតិថិជន​នៅ​កូរ៉េ​ខាង​ត្បូង​បាន​កុម្ម៉ង់​ទិញ។ យ៉ាងណាក្ដី​​រថយន្ត​ភាគ​ច្រើន​ត្រូវ​រង់ចាំ​ដល់​​ខែ​កញ្ញា ទើប​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង។

ការ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ដល់​ទឹក​ប្រាក់​ជំនួយ​សម្រាប់​ការ​ទិញ​រថយន្ត​អគ្គិសនី Model 3 រហូត​ដល់​ប្រមាណ ១០ ៣៨០​ដុល្លារ អាច​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​រថយន្ត​នេះ​កើន​ឡើង​ចំនួន​លក់។ ​បើ​ទូទាត់​ទៅ​អតិថិជន​ដែល​ចង់​ទិញ​រថយន្ត Tesla Model 3 នៅ​កូរ៉េ​ខាង​ត្បូង​ ត្រូវ​ចំណាយ​ទឹក​ប្រាក់​មិន​ដល់ ៤​ម៉ឺន​ដុល្លារ​ឡើយ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម