កូវីដ១៩ប៉ុណ្ណេះហើយ Volvo នៅអាចលក់ឡានបានច្រើនជាងមុនទៀត

ទោះ​បី​ជា​ពិភពលោក​​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​កូវីដ​១៩​ក៏​ដោយ​ក្ដី ក៏​ក្រុមហ៊ុន Volvo នៅ​អាច​​លក់​រថយន្ត​ដាច់​​នៅ​ទូទាំង​ពិភពលោក​បាន​ច្រើន​ជាង​មុន​សម្រាប់​ខែ​សីហា ដែល​មាន​កំណើន ៧,២% បើ​ធៀប​នឹង​​ខែ​សីហា​ឆ្នាំ​មុន។

ចំនួន​លក់​នៅ​អឺរ៉ុប​របស់ Volvo ប្រចាំ​ខែ​សីហា​គឺ​មាន​ ១៧ ៤៥៨​គ្រឿង មាន​កំណើន​ ៤,៩% ធៀប​នឹង​ខែ​សីហា​ឆ្នាំ​មុន។ បើ​នៅ​ប្រទេស​ចិន​វិញ​មាន​កំណើន​ចំនួន​លក់ ១១,៤% ដែល​អាច​លក់​ចេញ​បាន ១៥ ៨៣៥​គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​​ទីផ្សារ​សហរដ្ឋអាមេរិក​ឯណោះ​មាន​កំណើន​ចំនួន​លក់​ ១២,៩% អាច​លក់​ចេញ​បាន ១០ ៣៧៨​គ្រឿង។ រថយន្ត​ដែល​ Volvo អាច​លក់​ចេញ​បាន​ច្រើន​ជាង​គេ​គឺ​ SUV ខ្នាត​កណ្ដាល XC60 តាម​ពី​ក្រោយ​ដោយ​រថយន្ត SUV ខ្នាត​តូច XC40 និង​រថយន្ត SUV ធំ​ជាង​គេ ​ថ្លៃ​ជាង​គេ XC90 ស្ថិត​នៅ​លំដាប់​លេខ​បី។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Volvo រថយន្ត​ SUV គឺ​មាន​ចំណែក ៧០,៧% ​ក្នុង​ចំណោម​រថយន្ត​ដែល​លក់​ចេញ​បាន​សរុប​ ដែល​មាន​កំណើន​រហូត​ដល់ ៦៣,៣% បើ​ធៀប​នឹង​ខែ​សីហា​ឆ្នាំ ២០១៩៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម