[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញរូបរាងជាផ្លូវការ ជាមួយការបើកទទួលការបញ្ជាទិញទុកមុននៃរថយន្តអគ្គិសនីសុទ្ធ Tesla Model Y Juniper ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៣៥ ៩៤០ ដុល្លារ ដល់ ៤១ ៣៩៣ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅខែមិនា ឆ្នាំ ២០២៥ បើយោងតាមគេហទំព័រផ្លូវការ Tesla.CN ។
Tesla Model Y ស៊េរីថ្មីចុងក្រោយ ផ្តល់នៅជម្រើសថាមពលចំនួន ២
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងអាគុយទំហំ ៦២,៥ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៩ គីឡូម៉ែត្រ ពោលអាចបើកបរបានចំងាយ ៥៩៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៤០ សេះ និងអាគុយទំហំ ៧៨,៤ គីឡូវ៉ាត់ម៉ោង ផ្តល់នៅចំងាយបើកបរឆ្ងាយជាងមុន ៣៤ គីឡូម៉ែត្រ អាចបើកបរបានចំងាយ ៧១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៩៧ ម.ម ទទឹង ២ ១២៩ ម.ម កំពស់ ១ ៦២៤ ម.ម ។ ការផ្លាស់ប្តូរផ្នែកខាងក្រៅ គួរឲ្យកត់សម្គាល់បំផុតចំពោះម៉ូដែល Y គឺទទួលបានការបំផុសគំនិតពីម៉ូដែល Cybertruck និង Cybercab robotaxi ជាមួយចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មីបែប Unique រួមទាំងកាងផ្នែកខាងមុខ និងផ្នែកខាងក្រោយថ្មី ក៏ដូចជាថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ ដល់ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការឌីស្សាញបែប Minimalistic និងបានអាប់ដេតជាមួយនឹងដៃចង្កូតថ្មី កញ្ចក់អេក្រង់ touchscreen រាងស្តើងជាងមុនទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអេក្រង់ touchscreen ទំហំ ៨អ៉ីញសម្រាប់អ្នកដំណើរជួរទី ២ ជាមួយប្រព័ន្ធអាប់ដេត OTA រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving កម្រិតទី ៤ ទៀតផង ៕