
ប្រទេសចិនបានពង្រឹងជំហររបស់ខ្លួនជាប្រទេសឈានមុខគេលើពិភពលោកផ្នែកហេដ្ឋារចនាសម្ព័ន្ធ លើស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ដោយបច្ចុបប្បន្នមានកន្លែងសាកថ្មសរុបចំនួន ១៦,៧ លាន កន្លែងគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៥ កើនឡើង ៥៣% បើធៀបនឹងឆ្នាំមុន។
លោក Wang Hongzhi នាយករដ្ឋបាលថាមពលជាតិ បានប្រកាសនៅថ្ងៃទី២៦ ខែសីហា ថាប្រទេសចិនបានសម្រេចសមាមាត្របង្គោលសាកថ្មពីរដើម សម្រាប់រថយន្តអគ្គិសនីប្រាំគ្រឿង។ កំណើននេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យចុងក្រោយបង្អស់៖ ចំនួនសរុបនៃហេដ្ឋារចនាសម្ព័ន្ធកន្លែងសាកថ្មបានកើនឡើងដល់ ១៦,៦៩៦ លានកន្លែង គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៥ ដែលជាការកើនឡើងដល់ទៅ ១០ដង បើធៀបនឹងឆ្នាំ២០២០។
ត្រឹមតែប្រាំពីរខែដំបូងនៃឆ្នាំ ២០២៥ ចំនួនកន្លែងសាកថ្មបានកើនឡើងដល់ ៣,៨៧៨ លាន កន្លែង កើនឡើង ៩៣,២% បើធៀបនឹងឆ្នាំមុន។ កន្លែងសាកថ្មសាធារណៈបានកើនឡើង ៦២៣ ០០០ កន្លែង (កើនឡើង ២៨,៩%) ខណៈកន្លែងសាកថ្មឯកជនបានកើនឡើងដល់ ៣,២៥៥ លាន កន្លែង (កើនឡើង ១១៣,៦%)។ ការកើនឡើងយ៉ាងគំហុកនៃការប្រើប្រាស់រថយន្តអគ្គិសនីក៏បានជំរុញឱ្យមានការកើនឡើងយ៉ាងសំខាន់ក្នុងការប្រើប្រាស់ថាមពលអគ្គិសនីផងដែរ។
យោងតាមការបញ្ជាក់របស់លោក Du Zhongming នាយកដ្ឋានអគ្គិសនី NEA ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយចិន CNR បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីសម្រាប់សេវាកម្មសាកថ្ម និងប្តូរអាគុយរថយន្តអគ្គិសនីបានកើនឡើងជាង ៤០% ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។
តែក្នុងខែកក្កដា ឆ្នាំ២០២៥ មួយខែប៉ុណ្ណោះ ការប្រើប្រាស់អគ្គិសនីសម្រាប់ការសាកថ្មនៅទូទាំងប្រទេសបានកើនឡើងដល់ប្រហែល ៧,៧១ ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើង ១,០ ពាន់លានគីឡូវ៉ាត់ម៉ោង ពីខែមុន។ តួលេខនេះតំណាងឲ្យការកំណើនឡើង ៥៣,៩% បើធៀបនឹងឆ្នាំមុន និងកើនឡើង ១៤,៩% បើធៀបនឹងខែមុន។ អគ្គិសនីនេះត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់រថយន្តក្រុងនិងរថយន្តដឹកអ្នកដំណើរ ខណៈដែលយានយន្តអនាម័យ/ដឹកជញ្ជូន និងតាក់ស៊ីមានចំណែកប្រើប្រាស់តិចជាង។
គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុនប្រតិបត្តិការធំៗទាំង ១៥ បានគ្រប់គ្រង ៨៤,១% នៃបង្គោលសាកថ្មសាធារណៈសរុប។ ក្រុមហ៊ុនឈានមុខគេមាន៣គឺ៖
- TELD មាន ៨០៧ ០០០ គ្រឿង
- Star Charge មាន ៧០៣ ០០០ គ្រឿង
- Yunkuai Charge មាន ៦៥៦ ០០០ គ្រឿង