[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW នឹងផ្អាកការផលិតជាបណ្ដោះអាសន្នលើរោងចក្រសំខាន់ៗជាច្រើនរបស់ខ្លួននៅសប្តាហ៍ក្រោយ ព្រោះមិនអាចទទួលបានគ្រឿងបង្គុំដែលត្រូវការជាបន្ទាន់ពីអ្នកផ្គត់ផ្គង់នៅអ៊ុយក្រែន។
អ្នកនាំពាក្យ BMW បានប្រាប់គេហទំព័រ The Frankfurter Allgemeine Zeitung ថារោងចក្រផលិតរថយន្តរបស់ BMW នៅទីក្រុង Munich និង Dingolfing ក្នុងប្រទេសអាល្លឺម៉ង់ បូករួមទាំងរោងចក្រ Mini នៅទីក្រុង Oxford ប្រទេសអង់គ្លេស និងរោងចក្រផលិតម៉ាស៊ីនរបស់ BMW នៅ Steyr ប្រទេសអូទ្រីសទាំងអស់នឹងត្រូវទុកចោល ខណៈដែលរោងចក្រផ្សេងទៀតនៅ Leipzig និង Regensburg ប្រឈមនឹងការកែសម្រួលការផ្លាស់ប្តូរផលិតកម្ម។ ទោះបីជារោងចក្រទាំងនោះស្ថិតនៅឆ្ងាយពីតំបន់ដែលកំពុងរងការវាយប្រហារដោយប្រទេសរុស្ស៊ីក៏ដោយ ក៏ក្រុមហ៊ុន BMW ពឹងផ្អែកលើក្រុមហ៊ុនគ្រឿងបង្គុំនៅភាគខាងលិចអ៊ុយក្រែនសម្រាប់ការផ្គត់ផ្គង់រលើការផលិតរថយន្តរបស់ខ្លួន។
ក្នុងនោះ អ្នកនាំពាក្យក្រុមហ៊ុន BMW បាននិយាយថា “ជម្លោះក្នុងប្រទេសអ៊ុយក្រែនកំពុងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មនៅក្នុងឧស្សាហកម្មផ្គត់ផ្គង់នៅទីនោះ។ ការបញ្ឈប់ការផលិតជាលទ្ធផលនឹងនាំឲ្យមានការកែសម្រួលផលិតកម្មជាបន្តបន្ទាប់ និងការរំខាននៅក្នុងរោងចក្រ BMW មួយចំនួន”។
ជាមួយគ្នានេះ Leoni ដែលជាក្រុមហ៊ុនអាល្លឺម៉ង់ដែលមានរោងចក្រពីរនៅអ៊ុយក្រែន និយាយទៅកាន់គេហទំព័រ Automotive News Europe ថាក្រុមហ៊ុន BMW បានដោះស្រាយវិបត្តិដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ដើម្បីដោះស្រាយការរំខានដែលកើតឡើងពីជម្លោះនៅអ៊ុយក្រែន។
BMW មិនមែនជាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់តែមួយគត់ដែលត្រូវបង្ខំចិត្តបញ្ឈប់ការផលិតរោងចក្រនៅប្រទេសកំណើតរបស់ខ្លួនដោយសារវិបត្តិអ៊ុយក្រែន។ ក្នុងនោះ ក្រុមហ៊ុន Volkswagen ក៏បានផ្អាកការផលិតរោងចក្រ Zwickau របស់ខ្លួនផងដែរ ។ លើសពីនេះទៅទៀត វាបានបញ្ជាក់ថាវិបត្តិនេះបានជះឥទ្ធិពលដល់ការដឹកជញ្ជូនរថយន្តអគ្គិសនីមួយចំនួនពី Audi, Cupra និង VW ។ ខណៈ GM, Jaguar-Land Rover និង BMW Group ក៏បានផ្អាកការនាំចេញរថយន្តទៅរុស្ស៊ីផងដែរ៕