
ក្រុមហ៊ុន Dongfeng eπ Technology បានរៀបចំព្រឹត្តិការណ៍បង្ហាញពីយុទ្ធសាស្ត្រ និងការប្រកាសផលិតផលរបស់ខ្លួននៅទីក្រុង Wuhan ដោយបានបង្ហាញផែនការអភិវឌ្ឍន៍ដែលគ្របដណ្តប់លើវេទិកាបច្ចេកវិទ្យា ការរៀបចំរចនាសម្ព័ន្ធម៉ាកយីហោ ផលិតផលថ្មី និងការពង្រីកទីផ្សារទៅក្រៅប្រទេស។ ក្រុមហ៊ុនក៏បានបញ្ជាក់ពីភាពជាដៃគូជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍរថយន្តប្រណីតថ្មីមួយនិងបានបានប្រកាសពីផែនការរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី (EVs) ដែលប្រើប្រាស់ថ្មប្រភេទ solid-state និងស្ថាបត្យកម្មអាគុយ 1000V នៅត្រឹមឆ្នាំ ២០២៦។
រថយន្ដនេះនឹងបង្កើតឡើងតាមរយៈការច្របាច់បញ្ចូលគ្នានូវម៉ាកយីហោរងរបស់ Dongfeng គឺ eπ (Yipai), Fengshen និង Nano, ក្រុមហ៊ុន Dongfeng eπ Technology មានគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម្រាប់រថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃ។ ក្រុមហ៊ុននេះនឹងដំណើរការក្រោមម៉ាកយីហោសំខាន់ពីរគឺ Dongfeng eπ និង Dongfeng Fengshen។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Dongfeng eπ បានប្រកាសពីផែនការណែនាំរថយន្តអគ្គិសនី ដែលនឹងប្រើប្រាស់ថ្មប្រភេទ solid-state នៅត្រឹមឆ្នាំ ២០២៦។ ថ្មទាំងនេះនឹងប្រើប្រាស់ល្បាយនៃ silicon-carbon និង high-nickel រួមជាមួយនឹងសារធាតុ solid electrolytes ដែលមានចរន្តអគ្គិសនីខ្ពស់។ យោងតាមក្រុមហ៊ុន ការរៀបចំនេះត្រូវបានរចនាឡើងដើម្បីបង្កើនដង់ស៊ីតេថាមពល និងស្ថិរភាពកម្ដៅ ជាមួយនឹងគោលដៅចម្ងាយបើកបរលើសពី ១ ០០០ គីឡូម៉ែត្រ។
ការអភិវឌ្ឍន៍ដ៏សំខាន់មួយទៀតគឺវេទិកាអគ្គិសនីជំនាន់ថ្មីដែលគាំទ្រការសាកថ្មល្បឿនលឿន ១,០០០V។ ប្រព័ន្ធនេះនឹងរួមបញ្ចូលទាំងប្រព័ន្ធ 1,700V silicon carbide power module, ល្បឿនសាកថ្មអតិបរមា 12C និងម៉ូទ័រល្បឿនលឿន ៣០ ០០០ rpm។ ក្រុមហ៊ុន Dongfeng eπ ក៏កំពុងធ្វើការលើប្រព័ន្ធ “dual megawatt fast charge” ដែលអាចអាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកថ្មត្រឹមតែ ៥នាទី ប៉ុណ្ណោះ។ រថយន្តដំបូងដែលប្រើប្រាស់បច្ចេកវិទ្យាទាំងនេះត្រូវបានកំណត់ពេលនឹងចេញលក់នៅឆ្នាំ ២០២៦។
ម៉ាកយីហោ Dongfeng eπ នឹងត្រូវបែងចែកជាពីរខ្សែចង្វាក់ផលិតកម្មចំនួន២។ ខ្សែចង្វាក់ផលិតកម្មទីមួយគឺ “Mainstream Technology Series” ដែលរួមមានរថយន្ដ Nano 01, Nano 06, eπ 007, និង eπ 008 ផលិតមកកំណត់គោលដៅលើអតិថិជនវ័យក្មេងដែលចូលចិត្តបច្ចេកវិទ្យា។ ខ្សែចង្វាក់ផលិតកម្មទីពីរគឺ “Smart Premium Series” ដែលនឹងត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Huawei។ ម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួនជាមួយនឹងរថយន្ត SUV ទំហំធំនៅឆ្នាំ ២០២៦ ដែលបំពាក់ដោយបច្ចេកវិទ្យា HarmonyOS 5 របស់ Huawei និងប្រព័ន្ធជំនួយអ្នកបើកបរ QianKun ADS 4។
ទន្ទឹមនឹងនេះដែរ ម៉ាកយីហោ Dongfeng Fengshen នឹងផ្តោតលើរថយន្តទំហំតូចទៅមធ្យម ដោយមានផែនការចេញលក់ ឬធ្វើបច្ចុប្បន្នភាពយ៉ាងហោចណាស់ ពីរម៉ូដែលក្នុងមួយឆ្នាំ និងសរុប ១០ ម៉ូឌែលនៅត្រឹមឆ្នាំ ២០២៨។
ផែនការពង្រីកទៅទីផ្សារអន្តរជាតិក៏ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Dongfeng eπ ផងដែរ។ ក្រុមហ៊ុនមានគោលបំណងដាក់ចេញរថថយន្ដម៉ូឌែលនៅទីផ្សារអន្តរជាតិជាង ៣០ ម៉ូឌែលនៅត្រឹមឆ្នាំ ២០២៧ ដែលអាចប្រើប្រាស់បានទាំងសម្រាប់ចង្កូតស្តាំ និងចង្កូតឆ្វេង។ ក្រុមហ៊ុនក៏មានគម្រោងបង្កើតបណ្តាញលក់សកលដែលមានជាង ២ ០០០ កន្លែង នៅត្រឹមឆ្នាំនោះផងដែរ។
រថយន្តថ្មីពីរម៉ូឌែលនេះត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍នេះ។ ទីមួយគឺរថយន្ត eπ 008 ឆ្នាំ២០២៦ ទទួលបានអាប់ដេតបន្ថែមពីរថយន្ដម៉ូឌែល SUV eπ 008 ដែលរួមបញ្ចូលទាំងការកែបែបរិក្ខាកាន់តែប្រសើរ បំពាក់មុខងារកៅអីថ្មី និងដំណើរការដោយបន្ទះឈីប Qualcomm’s Snapdragon SA8295P។ តម្លៃរបស់វាគឺចន្លោះពី ១៧៣ ៦០០ យ័ន ទៅ ១៩០ ៦០០ យ័ន ស្មើនិងប្រមាណ ២៣ ៩០០ ដល់ ២៦ ២០០ ដុល្លារអាមេរិក ជាតម្លៃពិសេសសម្រាប់ការចាប់ផ្តើមលក់។
រថយន្តមួយម៉ូឌែលដែលបានបង្ហាញខ្លួនគឺ Dongfeng Fengshen L8 ជារថយន្ត SUV កៅអីប្រាំដែលមានប្រវែងតួខ្លួន ៤ ៧៦២ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២៥ មីលីម៉ែត្រ។ លក្ខណៈពិសេសរបស់វាមានដូចជា កៅអីខាងមុខដែលមានខ្យល់ចេញចូលនិងកម្ដៅ មុខងារម៉ាស្សាសម្រាប់អ្នកបើកបរ និងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយ។ រថយន្ដនេះដំណើរការដោយប្រព័ន្ធ Mach hybrid របស់ Dongfeng។ រថយន្ត L8 នេះផ្តល់ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបាន ២៤៨ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ២ ២៤៥ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។ កម្រិតស៊ីប្រេងរបស់វាត្រូវបានវាយតម្លៃសុីត្រឹម ២.៤ លីត្រ/១០០ គីឡូម៉ែត្រ៕