
ក្រុមហ៊ុនរថយន្តយក្សរបស់ចិន Geely Auto Group បានបើកសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលសុវត្ថិភាពរបស់ខ្លួននៅទីក្រុង Hangzhou Bay ខេត្ត Zhejiang ប្រទេសចិន ជាកន្លែងតេស្តសុវត្ថិភាពយានយន្តដ៏ធំបំផុតរបស់ពិភពលោក។
មជ្ឈមណ្ឌលនេះទទួលបានធនធានមនុស្សមានជំនាញលើផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Volvo របស់ Geely តំណាងឲ្យការវិនិយោគជាង ២ពាន់លានយ៉ន់ ឬស្មើនិងប្រមាណ ២៩០លានដុល្លារនិងបានបង្កើតកំណត់ត្រាពិភពលោក Guinness World Records ថ្មីចំនួនប្រាំ។
ទីតាំងទំហំ ៤៥ ០០០ ម៉ែត្រការ៉េ នេះបានពង្រីកគោលគំនិតសុវត្ថិភាពរថយន្តបែបប្រពៃណី ដោយបញ្ចូលសមត្ថភាពតេស្តដ៏ទូលំទូលាយ មិនមែនត្រឹមតែសម្រាប់ការការពារការបុកទង្គិចដោយរូបវន្ត (physical crash protection) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលការតេស្ដកំពុងលេចឡើងដូចជា ប្រព័ន្ធសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (cybersecurity), ការការពារឯកជនភាពទិន្នន័យ (data privacy), និង ការការពារសុខភាព (health protection) ផងដែរ។
ចំណុចនេះឆ្លុះបញ្ចាំងពីក្របខ័ណ្ឌនៃការធ្វើតេស្ដ “Comprehensive Safety 2.0” របស់ Geely ដែលមានគោលដៅ “គ្មានគ្រោះថ្នាក់ដល់អាយុជីវិត (zero casualties), គ្មានគ្រោះថ្នាក់ដល់សុខភាព (zero health hazards), គ្មានការបាត់បង់ទ្រព្យសម្បត្តិ (zero property losses), និង គ្មានការលេចធ្លាយឯកជនភាព (zero privacy leaks)”។
ដើម្បីបង្ហាញសមត្ថភាពរបស់មជ្ឈមណ្ឌល Geely បានធ្វើតេស្តបុកទង្គិចផ្ទាល់លើរថយន្ត Lynk & Co 900 ពីរគ្រឿងក្នុងអំឡុងពិធីសម្ពោធ។ មជ្ឈមណ្ឌលនេះមានមន្ទីរពិសោធន៍ឯកទេសជាច្រើន រួមមាន មន្ទីរពិសោធន៍សម្រាប់ការផ្ទៀងផ្ទាត់ប្រព័ន្ធជំនួយការបើកបរ (assisted driving simulation verification labs), ការតេស្តការពារអ្នកថ្មើរជើង (pedestrian protection testing), និងការតេស្តសុវត្ថិភាពលើបណ្តាញយានយន្ត (vehicle network security testing)។
ក្រឡេកថយក្រោមបន្ថិចនៅឆ្នាំ ២០០២ ក្រុមហ៊ុន Geely បានផលិតរថយន្តដំបូងរបស់ខ្លួន។ នៅឆ្នាំដដែលនោះ ស្ថាបនិករបស់ក្រុមហ៊ុន គឺលោក Li Shufu បានបង្ហាញនូវមហិច្ឆតារបស់លោកក្នុងការទិញយកក្រុមហ៊ុន Volvo ពីក្រុមហ៊ុន Ford។ នៅឆ្នាំ ២០០៥ ក្រុមហ៊ុន Geely Automobile បានដាក់តាំងបង្ហាញនៅពិព័រណ៍រថយន្ត Frankfurt Motor Show ប៉ុន្តែពាក្យស្នើសុំទិដ្ឋាការដំបូងរបស់លោក Li Shufu ត្រូវបានបដិសេធក្នុងអំឡុងពេលសម្ភាសន៍។ មន្ត្រីទិដ្ឋាការអាល្លឺម៉ង់ប្រហែលជាមិនបាននឹកស្មានដល់ថា ត្រឹមតែ ប្រាំឆ្នាំ ក្រោយមក ក្រុមហ៊ុនរថយន្តចិនដែលមិនសូវល្បីឈ្មោះនេះ នឹងបន្តទិញយកក្រុមហ៊ុន Volvo បានដោយជោគជ័យនោះឡើយ។
ក្រោមកម្មសិទ្ធិរបស់ Geely ក្រុមហ៊ុន Volvo បានរីកចម្រើនដោយជោគជ័យជាងសម័យកាលដែលនៅក្រោមក្រុមហ៊ុន Ford។ ដោយទទួលស្គាល់នូវជំនាញល្បីល្បាញរបស់ Volvo លើផ្នែកសុវត្ថិភាព លោក Li Shufu បានស្នើសុំជំនួយពី Volvo ក្នុងការរចនាហើយចូលអភិវឌ្ឍលើមជ្ឈមណ្ឌលតេស្តសុវត្ថិភាពយានយន្តដ៏ធំបំផុតរបស់ពិភពលោករួមគ្នា៕























