
ក្រុមហ៊ុន Ora ជាម៉ាកយីហោរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Great Wall Motor (GWM) បានដាក់បង្ហាញរថយន្ដម៉ូឌែលថ្មីរបស់ខ្លួនគឺរថយន្ត Ora 5 ជាផ្លូវការនៅក្នុងប្រទេសចិន។
រថយន្ត Ora 5 នៅតែបន្តរក្សាការរចនាបថដែលងាយស្រួលចំណាំរបស់ម៉ូឌែល “cat family” នៃម៉ាក Ora ដោយប្រើផ្នែកខាងមុខបិទជិតជាមួយនឹងចង្កៀងមុខមូលធំ ខណៈកាងខាងមុខបាននិងផ្នែកជំហៀងបានបន្ថែមមកជាមួយរន្ធខ្យល់។ ម៉ូឌែលនេះនឹងត្រូវបានផ្តល់ជូននូវជម្រើសពណ៌ខាងក្រៅចំនួន៦ ដោយពណ៌នីមួយៗត្រូវបានបំផុសគំនិតដោយទីតាំងភូមិសាស្ត្រលេចធ្លោ រួមមាន៖ បៃតង Aurora ប្រផេះ Senna ខៀវ Lake Sayram ស Cliff បៃតង Sand Dune និង ក្រហម Linzhi។
ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ត Ora 5 មានប្រវែង ៤ ៤៧១ ម.ម ទទឹង ១ ៨៣៣ ម.ម កម្ពស់ ១ ៦៤១ ម.មនិងប្រវែងគម្លាតកង់មុខក្រោយ ២ ៧២០ ម.ម។ ទំហំទាំងនេះគឺធំជាងរថយន្ត Good Cat។ រថយន្តនេះបំពាក់ដោយ Lidar នៅលើដំបូល ដែលត្រូវបានគាំទ្រដោយកាមេរ៉ាខាងមុខ ចំហៀង និងខាងក្រោយ គាំទ្រដល់មុខងារជំនួយការបើកបរកម្រិតខ្ពស់។ តាមការរំពឹងទុក វានឹងប្រើប្រាស់ប្រព័ន្ធ Coffee Pilot Ultra ជំនាន់ទីបី របស់ GWM ដែលគាំទ្រមុខងារ Urban NOA (Navigation on Autopilot ក្នុងទីក្រុង) និង Highway NOA (នៅលើផ្លូវល្បឿនលឿន)។
សម្រាប់កម្រិតសមត្ថភាពវិញ រថយន្ត Ora 5 ត្រូវបានបំពាក់ដោយ ម៉ូទ័រអគ្គិសនីមានកម្លាំងអតិបរមា ១៥០kW ដែលភ្ជាប់ជាមួយ អាគុយលីចូម-ដែក-ផូស្វាត (LFP) ផ្គត់ផ្គង់ដោយក្រុមហ៊ុន SVOLT។ ទោះបីជាសមត្ថភាពលម្អិតរបស់អាគុយ និងចម្ងាយនៃការបើកបរផ្លូវការមិនទាន់ត្រូវបានបញ្ចេញក្តី ប៉ុន្ដែរថយន្ដ Ora 5 អាចនឹងមានសមត្ថភាពស្រដៀងគ្នា រថយន្ត Ora Lightning Cat Sedan ផ្តល់ជម្រើសអាគុយ ៦៣.៨៧ kWh និង ៨៣.៤៩ kWh ដែលមានចម្ងាយបើកបរ ៥៥៥ គីឡូម៉ែត្រ និង ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ។
រថយន្ដ Ora 5 ត្រូវបានគេរំពឹងថានឹងចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីខ្នាតតូច កំពុងរីកចម្រើនរបស់ប្រទេសចិន។ គូប្រជែងសំខាន់ៗរបស់រថយន្ដនេះរួមមាន៖ BYD Yuan Plus មានតម្លៃចាប់ពី ១៦ ៣០០ ដល់ ២០ ៨០០ ដុល្លារ និង Geely Galaxy E5 ដែលមានតម្លៃចាប់ពី ១៥ ២០០ ដល់ ២៥ ៣០០ដុល្លារ។ យ៉ាងណាមិញតម្លៃផ្លូវការរបស់រថយន្ដ Ora 5 ត្រូវបានគេរំពឹងថានឹងប្រកាសនៅក្នុងពេលដាក់លក់ជាផ្លូវការរបស់ខ្លួន៕