[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុន Honda Motor បានប្រកាសថាខ្លួននឹងបិទរោងចក្រមួយកន្លែង និងបញ្ឈប់សង្វាក់ផលិតកម្មរថយន្តនៅរោងចក្រមួយផ្សេងទៀត នៅក្នុងប្រទេសចិន។ សម្រាប់ការផ្លាស់ប្តូរដែលបានប្រកាសនៅក្នុងសប្តាហ៍នេះមានគោលបំណងដើម្បីដោះស្រាយជាមួយនឹងការខាតបង់ និងផ្តោតលើការផលិតរថយន្តអគ្គិសនី ( BEV) វិញ។
បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនផ្ទាល់ បាននិយាយថា ក្រុមហ៊ុន Honda នឹងបិទរោងចក្រដែលបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន GAC Group នៅខែតុលាខាងមុខនេះ ស្របពេលដែលរោងចក្រមួយទៀតរបស់ខ្លួន ដែលបណ្ដាក់ទុនជាមួយក្រុមហ៊ុន Dongfeng Motor ក៏នឹងផ្អាតសង្វាក់ផលិតកម្មចាប់ពីខែវិច្ឆិកានេះតទៅផងដែរ។
គួរបញ្ជាក់ផងថា រោងចក្រ GAC JV បានបើកដំណើរការអស់រយៈពេល ២០ ឆ្នាំ មកហើយនៅក្នុងប្រទេសចិន រោងចក្រនេះផ្តោងសំខាន់តែក្នុងការផលិតរថយន្ត Sedan Accord តែប៉ុណ្ណោះ ជាមួយសមត្ថភាពផលិត ៥មុឺនគ្រឿង/ឆ្នាំ ខណៈរោងចក្រ Dongfeng JV វិញមានសមត្ថភាពផលិតរថយន្តបាន ២៤មុឺនគ្រឿង/ឆ្នាំ។ ទោះជាសមត្ថភាពផលិតបានច្រើនក៏ពិតមែនតែការលក់រថយន្តរបស់ក្រុមហ៊ុន Honda នៅក្នុងប្រទេសចិនផ្ទាល់បានធ្លាក់ចុះ ១០ ភាគរយ មកនៅត្រឹម ១,២ លានគ្រឿងនៅក្នុងឆ្នាំ២០២៣។ ខណៈដែលការលក់នៅក្នុងឆ្នាំ២០២៤ ក្នុងត្រីមាសទី១ នេះក៏មិនសូវជាកាក់កប់ប៉ុន្មានដែរទើបធ្វើឲក្រុមហ៊ុនមួយនេះសម្រេចចិត្តបែបនេះ។