ក្រុមហ៊ុន Porsche បានបញ្ជាក់ជាផ្លូវការពីវត្តមាន SUV ប្រើអគ្គិសនីថ្មីរបស់ខ្លួន ដែលស្ថិតនៅលើម៉ូដែល Cayenne ដោយសង្ឃឹមថា នឹងទទួលបានជោគជ័យដូចម៉ូដែលអគ្គិសនី Taycan របស់ខ្លួនដែរ។
លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche បាននិយាយថា៖
យើងមានគម្រោងបន្ថែមនូវរថយន្ត SUV អគ្គិសនីដ៏ប្រណិតថ្មី ដែលនឹងចាប់ផ្តើមបរចេញពីខ្សែសង្វាក់ផលិតកម្មនៅ Leipzig។ វានឹងពង្រីកមុខតំណែងរបស់យើងបន្ថែមទៀត នៅក្នុងផ្នែករថយន្តប្រណីត។ យើងកំពុងកំណត់គោលដៅលើផ្នែកដែលមានប្រាក់ចំណេញខ្ពស់ជាពិសេស ហើយមានបំណងទាញយកឱកាសលក់ថ្មីតាមវិធីនេះ។
ជាមមួយគ្នានេះដែរ លោក Blume បានពណ៌នាអំពីរថយន្តអគ្គិសនីខាងលើថាជា៖
រថយន្ត SUV បែបស្ព័រ ដែលបង្ហាញពីភាពប្រណីត និងកម្ពស់ពីដីខ្ពស់។
គួរឲ្យដឹងដែរថា លោក Lutz Meschke ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Porsche បានដាក់ចេញនូវគោលដៅសម្រាប់ប្រាក់ចំណូលចន្លោះពី ៣៩ ទៅ ៤០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ និងប្រាក់ចំណេញពីការលក់ ១៧ ទៅ ១៨ភាគរយ៕