ទាំងនេះជារថយន្តរបស់ Toyota, MG និង Honda ដែលត្រៀមបង្ហាញខ្លួននៅលើទីផ្សារវៀតណាម

[ទីផ្សារបរទេស] ក្រោយពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានបញ្ចប់ ក្រុមហ៊ុនផលិតរថយន្តជាច្រើនមានគម្រោងបញ្ចេញផលិតផលដើម្បីបង្កើតសន្ទុះសម្រាប់ឆ្នាំថ្មី នៅក្នុងប្រទេសវៀតណាម។ ក្នុងនោះ MG នឹងក្លាយជារថយន្តដំបូងគេជាមួយនឹងការបង្ហាញខ្លួនរបស់រថយន្ត MG5 ប្រភេទ sedan នៅថ្ងៃទី ៧ ខែកុម្ភៈ ខាងមុខនេះ។ បន្ទាប់មក Honda បានដាក់បង្ហាញរថយន្ត Civic ថ្មី ហើយ Toyota នឹងបញ្ចេញនូវបងប្អូងត្រកូល MPVរបស់ខ្លួនគឺ Avanza និង Veloz ក្នុងត្រីមាសទី១ ផងដែរ។

MG សម្រាប់រថយន្ត MG5 បើយោងតាមអ្នកចែកចាយមួយចំនួនក្នុងប្រទេសវៀតណាម តម្លៃលក់របស់ MG5 ប្រភេទ sedan នេះត្រូវបានគេរំពឹងថានឹងមានតម្លៃពី ២២ ៩៥៨ ដុល្លារ​ ដល់ ២៦ ៤៩០ ដុល្លារ។ ចំពោះផ្នែកម៉ាស៊ីនវិញរថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់មកជាមួយប្រអប់លេខអូតូ​ CVT ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ក្រុមហ៊ុន Honda ដែលមាន​គម្រោងបង្ហាញខ្លួន​ដល់​អតិថិជន​វៀតណាម​ក្រោយ​បុណ្យ​ចូល​ឆ្នាំ មានតម្លៃចាប់ពី ៣០៩០៥ ដុល្លារ​ ដល់ ៣៩៧៣៥ ដុល្លារ ។ បើនិយាយពីផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Civic ជំនាន់ទី១១ នៅ​ប្រទេស​វៀតណាម ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។

Toyota Avanza សម្រាប់រថយន្តឥឡូវនេះ អ្នកចែកចាយកំពុងផ្តល់ជូនអតិថិជននូវប្រភេទថ្មីពីរគឺ Avanza, E និង G ដែលមានតម្លៃចាប់ពី ២២​ ៩៥៨ ដុល្លារ ដល់ ២៦ ០៤៨ ដុល្លារ ខណៈ រថយន្ត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី​មួយ​។ ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota Avanza នៅក្នុងប្រទេសវៀតណាម ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT ៥វគ្គ។

Toyota Veloz សម្រាប់រថយន្តនេះត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងពេលដំណាលគ្នាជាមួយ Avanza ដែលមានតម្លៃចាប់ពី ២៤ ២៨២ ដុល្លារ​ ដល់ ២៨ ៦៩៧ ដុល្លារ។ ក្នុងនោះដែរ រថយន្តនេះបានចាប់ផ្តើមបើកទទួលការកក់ មុនពេលចូលឆ្នាំរួចមកហើយ។ សម្រាប់រថយន្ត Toyota Veloz  ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១០៣ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម