នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន Toyota Tsusho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង លោក Toshimitsu Imai ជាអនុប្រធានក្រុមហ៊ុន Toyota Tsusho ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Fumio Kishida។ ពិធីនេះក៏ជាផ្នែកមួយនៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
គូភាគីមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍ ឧស្សាហកម្មយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងវិស័យឧស្សាហកម្មយានយន្ត សេដ្ឋកិច្ច និងសង្គម។
ពិធីចុះហត្ថលេខានេះធ្វើឡើង មិនយូប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Toyota Tsusho បានបង្កើតក្រុមហ៊ុនតម្លើងរថយន្តថ្មីមួយមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ ក្រុមហ៊ុនថ្មីនេះមានទុនវិនិយោគ ប្រមាណ៣៦,៨លានដុល្លារសហរដ្ឋអាមេរិក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុននឹងតម្លើងរថយន្តប្រភេទ Pick-up និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។
គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Toyota Tsusho គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Toyota Cambodia Co., Ltd. និងជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត TOYOTA ដែលជាម៉ាករថយន្តឈានមុខគេនៅកម្ពុជា៕