កាលពីឆ្នាំមុន រថយន្ត Hyperion XP-1 បានបង្ហាញខ្លួនជារថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែនដំបូងបង្អស់របស់ពិភពលោកដែលមានល្បឿនអតិបរមា ៣៥៦គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរបានចម្ងាយ ១ ៦៣៥ គីឡូម៉ែត្រនៅពេលចាក់អ៊ីដ្រូហ្សែនពេញ។ ឥលូវនេះមានរថយន្តប្រភេទ Hypercar ដើរដោយថាមពលអ៊ីដ្រូហ្សែនមួយទៀតកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ដោយវាត្រូវបានគេឲ្យឈ្មោះថា Apricale ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ ដោយក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេស Viritech ។
មិនមានការបញ្ជាក់ជាក់លាក់ណាមួយត្រូវបានចេញផ្សាយនោះទេប៉ុន្តែ Viritech បានអះអាងថា៖ វានឹងក្លាយជារថយន្ត Hypercar ដើរដោយថាមពលអ៊ីដ្រូហ្សែនដំបូងបង្អស់នៅលើពិភពលោក ហើយវានឹងប្រគួតប្រជែងជាមួយរថយន្ត Hypercar ល្បឿនលឿនបំផុតរបស់ពិភពលោក។
ក្រុមហ៊ុន Viritech គ្រោងនឹងផលិតរថយន្តគំរូនៃរថយន្ត Apricale នេះនៅឆ្នាំ ២០២២ មុនពេលផលិតកម្មចាប់ផ្តើមនៅឆ្នាំ ២០២៣។ វានឹងត្រូវផលិតត្រឹមតែចំនួន ២៥ គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងៗមានកម្លាំងលើសពី ១ ១០០ សេះ និងល្បឿនលឿនជាង ៣២១គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើម្បីកាត់បន្ថយទំងន់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ធុងផ្ទុកអ៊ីដ្រូហ្សែនត្រូវបានផលិតចេញពី Graphene ហើយត្រូវបានបញ្ចូលទៅក្នុងតួរថយន្ត។ គ្រោងឆ្អឹងនៃរថយន្ត និងម៉ាស៊ីនរបស់ Apricale នឹងត្រូវបានអភិវឌ្ឍនៅ MIRA Technology Park ក្នុងទីក្រុង Nuneaton ប្រទេសអង់គ្លេស។
ក្រុមហ៊ុន Viritech ចង់ប្រើ Apricale ជាការបង្ហាញបច្ចេកវិទ្យាដើម្បីជួយឱ្យក្រុមហ៊ុនក្លាយជា“ អ្នកផ្គត់ផ្គង់ថាមពលអ៊ីដ្រូហ្សែនឈានមុខគេ” ដោយមានគោលបំណងលក់ ការគ្រប់គ្រងធុងផ្ទុកអ៊ីដ្រូហ្សែន និងម៉ាស៊ីន ទៅឱ្យក្រុមហ៊ុនផលិតដទៃទៀតនៅក្នុងឧស្សាហកម្មយានយន្ត, កប៉ាល់ និងយាន្តអាវកាស។ ក្រៅពីរថយន្ត Apricale ក្រុមហ៊ុន Viritech ក៏កំពុងធ្វើការលើរថយន្តប្រភេទ SUV ដើរដោយថាមពលអ៊ីដ្រូហ្សែនផ្សេងទៀត ដែលមានឈ្មោះថា Tellaro និងឡានដឹកទំនិញ Jovian ផងដែរ៕